ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្នុងរយៈពេលជិត៣ទសវត្សរ៍កន្លងមកនេះ ផលិតផលទូរសព្ទស្មាតហ្វូនបានក្លាយជាវត្ថុប្រើប្រាស់មិនអាចខ្វះបាននៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សនៅទូទាំងពិភពលោក។
ប៉ុន្តែ ខណៈពេលដែលវិស័យបច្ចេកវិទ្យាកំពុងបន្តបោះពួយទៅមុខឥតឈប់ឈរ លោកកំពូលមហាសេដ្ឋី Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta បានប្រកាសពីការត្រៀមបញ្ចប់យុគសម័យនៃការប្រើប្រាស់ទូរសព្ទស្មាតហ្វូន និងដាក់ជំនួសមកវិញដោយបច្ចេកវិទ្យាថ្មី។
លោកបានព្យាករណ៍ថា “វ៉ែនតាឆ្លាតវៃ(Smart Glass) នឹងក្លាយជាឧបករណ៍តភ្ជាប់ទំនាក់ទំនងដ៏សំខាន់មួយរបស់យើងទៅនឹងពិភពឌីជីថល ដោយនឹងធ្វើឱ្យស្មាតហ្វូនក្លាយជាវត្ថុដែលគេប្រើប្រាស់កាលពីអតីតកាល”។
-->
ចក្ខុវិស័យរបស់លោក Mark Zuckerberg មិនមែនគ្រាន់តែជាការស្រមើស្រមៃនោះទេ។ ប៉ុន្តែ វាកំពុងចាប់ផ្តើមលេចចេញជារូបរាងហើយ។

គម្រោងដែលមានឈ្មោះថា “Meta’s Orion” ត្រូវបានគេចាត់ទុកថា ជាការច្នៃប្រឌិតវ៉ែនតាឆ្លាតវៃទំនើបបំផុតដែលមិនធ្លាប់មាន។វ៉ែនតានាពេលអនាគតទាំងនេះមានលក្ខណៈពិសេសបែប Holographic ដែលធ្វើឱ្យអ្នកប្រើប្រាស់វ៉ែតាឆ្លាតវៃអាចផ្ញើសារ ហៅទូរសព្ទ ឬស្វែងរក ដោយមិនចាំបាច់ចុចទូរសព្ទ។
ក្រុមហ៊ុន Meta ក៏បានចាប់ដៃគូជាមួយក្រុមហ៊ុនម៉ាកយីហោវ៉ែនតាប្រណីត Ray-Ban ដើម្បីនាំយកវ៉ែនតាឆ្លាតវៃទៅកាន់ពិភពលោកផងដែរ។ វ៉ែនតាឆ្លាតវៃ Ray-Ban Meta កើតចេញពីការច្របាច់បញ្ចូលគ្នារវាងវ៉ែនតារបស់ក្រុមហ៊ុន Ray-Ban ជាមួយនឹងបច្ចេកវិទ្យា AI-driven របស់ក្រុមហ៊ុន Meta។
ការផលិតវ៉ែនតាទាំងនេះជាការបោះជំហានដ៏សំខាន់នៅក្នុងវិស័យបច្ចេកវិទ្យា។ប្រសិនបើមនុស្សមានភាពងាយស្រួលក្នុងការប្រើប្រាស់មុខងាររបស់វ៉ែនតាឆ្លាតវៃសម្រាប់ការស្តាប់តន្ត្រី ការថតរូប និងការហៅទូរសព្ទ នោះការងាកចេញឆ្ងាយពីស្មាតហ្វូននឹងអាចក្លាយជាការពិត។
បណ្តាក្រុមហ៊ុនផ្សេងទៀត រួមទាំងក្រុមហ៊ុនអាមេរិក Google និងក្រុមហ៊ុនកូរ៉េខាងត្បូង Samsung ក៏កំពុងព្យាយាមធ្វើការលើការផលិតវ៉ែនតាឆ្លាតវៃ ដែលដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) ផ្ទាល់ខ្លួនរបស់ពួកគេផងដែរ ក្នុងគោលបំណងដូចគ្នាដើម្បីចូលមកជំនួសស្មាតហ្វូន។
វ៉ែនតាឆ្លាតវៃនឹងមិនត្រឹមតែជាអេក្រង់ដែលបំពាក់ជាប់នឹងមុខរបស់អ្នកនោះទេ។ វ៉ែនតាទាំងនេះនឹងក្លាយជាជំនួយការផ្ទាល់ខ្លួនរបស់មនុស្ស ដែលដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា AI ។ អ្នកប្រើប្រាស់អាចធ្វើការបញ្ជាដោយសំឡេង ដោយមិនចាំបាច់ចុចប៉ះផ្ទៃអេក្រង់។
វ៉ែនតាឆ្លាតវៃក៏មានមុខងារបកប្រែភាសាយ៉ាងឆាប់រហ័ស ដែលអាចនឹងលុបបំបាត់របាំងភាសាចេញ។ វ៉ែនតាឆ្លាតវៃក៏អាចផ្តល់ព័ត៌មានជុំវិញពិភពលោកដោយស្វ័យប្រវត្តិ មុនពេលអ្នកប្រើប្រាស់សាកសួរទៅទៀត៕ប្រភព: The Daily Galaxy៕
