ដោយៈ គង់ សូរិយា
ព្រះសីហនុៈ ក្រុមមន្រ្តីបានចុះ ចុះពិនិត្យការអនុវត្តគម្រោងវិនិយោគ របស់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍កោះ ឆ្នេរ និងរមណីយដ្ឋាននានា នៅខេត្តកោះកុង និងខេត្តព្រះសីហនុ។
គណៈកម្មការអន្តរក្រសួងសម្រាប់សិក្សាវាយតម្លៃ និងរៀបចំប្លង់មេលើបណ្តាកោះ ដែលមានសក្តានុពលសេដ្ឋកិច្ច ដឹកនាំដោយ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានចុះពិនិត្យការអនុវត្តគម្រោងវិនិយោគ របស់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍កោះ និងឆ្នេរនានា នៅខេត្តកោះកុង និងខេត្តព្រះសីហនុ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង ស្ថាប័នពាក់ព័ន្ធមានសមត្ថកិច្ច រួមទាំងអាជ្ញាធរដែនដីផង ក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្តព្រះសីហនុ។
ការចុះពិនិត្យខាងលើ ត្រូវបានធ្វើឡើងរៀងរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោង ការផ្តល់មតិយោបល់លើផ្នែកបច្ចេកទេស ព្រមទាំងស្តាប់នូវបញ្ហាប្រឈម និងសំណូមពរនានារបស់វិនិយោគិន សំដៅជំរុញការអនុវត្តគំរោងស្របតាមខ្លឹមសារនៃកិច្ចសន្យា និងដើម្បីរៀបចំរបាយការណ៍បូកសរុបគោរពរាយការណ៍ជូនរាជរដ្ឋាភិបាល។
ឆ្លៀតក្នុងឱកាសនៃការបំពេញភារកិច្ចនេះដែរ គណៈកម្មការអន្តរក្រសួង ក៏បានឆ្លៀតចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខនាយនាវី នាយនាវីរង និងពលនាវិក កងការពារកោះតាងលេខ៣ ដែលបានឈរជើងនៅមូលដ្ឋានកោះតាងផងដែរ៕