ដំណើរវិវត្តន៍សំខាន់ៗគួរឲ្យចាប់អារម្មណ៍ចំនួន៣ចំណុចក្នុងវិស័យទេសចរណ៍ក្រោមការដឹកនាំដោយសម្តេចធិបតី

0

ដោយៈ ច្រាយ ចំណាន

    តាកែវៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាពង្រឹងសមត្ថភាពប្រជាសហគមន៍ នៅមូលដ្ឋានទេសចរណ៍ ឲ្យបានយល់ពីបដិសណ្ឋារកិច្ច និងការផ្ដល់សេវាគាំទ្រនានា សំដៅដល់ការចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរកាន់តែល្អប្រសើរបន្ថែមទៀត។

ការណែនាំបែបនេះរបស់បវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងកាលពីល្ងាចថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងឱកាសសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើកទី៩ នៅក្នុងខេត្តតាកែវ។

សម្តេចបានអះអាងថា “ការពង្រឹងសមត្ថគួរភាពប្រជាសហគមន៍ ជាចំណែកមួយដ៏សំខាន់ ក្នុងការរុញឲ្យពួកគាត់ កាន់តែទទួលបានជោគជ័យ ជាមួយនឹងផលិតផលដែលមាននៅហ្នឹ​ងកន្លែង មុនស្វែងរកការចូលរួមពីវិស័យឯកជនទៅវិនិយោគ”។ សម្តេចបន្ថែមថា “សមត្ថភាពប្រជាសហគមន៍កាន់ខ្ពស់ មិនមែនមានន័យថា មិនត្រូវការចូលរួមវិនិយោគបន្ថែមនោះទេ ប៉ុន្ដែជាការជួយបំពេញឲ្យគ្នាទៅវិញទៅមក នូវរាល់អ្វីដែលជាចំណុចខ្វះខាត និងសេចក្ដីតម្រូវការរបស់អតិថិជនដែលជាភ្ញៀវទេសចរ”។

សារថ្មីសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ឲ្យដឹងថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ នាពេលឆាប់ៗខាងមុខនេះ គឺមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង កុំឱ្យមានគ្រោះថ្នាក់ តែត្រូវបំផុសការលេងល្បែងប្រជាប្រិយខ្មែរ ឱ្យបានច្រើន។

សម្តេចបវរធិបតីបានបញ្ជាក់ថា “សូមជំរុញ និងលើកទឹកចិត្ដ ឲ្យមានការរៀបចំជាលក្ខណៈលេងល្បែងប្រជាប្រិយឲ្យបានច្រើន នៅតាមមូលដ្ឋានរបស់យើង នៅគ្រប់ទីកន្លែង។ យើងមិនហាមទេបាញ់ទឹក ប៉ុន្ដែលេងឲ្យស្រួលប្រួល ប្រយ័ត្នគ្រោះថ្នាក់”។

ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមស្នើដល់រដ្ឋ​បាលរាជធានី-ខេត្ដទាំងអស់ បំផុសឲ្យមានការរៀបចំ ព្រឹត្ដិការណ៍អបអរសង្ក្រាន្ដឆ្នាំថ្មីកម្ពុជា នៅក្នុងមូលដ្ឋានរបស់ខ្លួន ចាប់ពីកម្រិតថ្នាក់ខេត្ដ ដល់ថ្នាក់ស្រុក-ឃុំ ទៅតាមគោលដៅទេសចរណ៍ វត្ដអារាមនានា បន្ថែ​មពីលើព្រឹត្ដិការណ៍ មហាអង្គរសង្គ្រាន្ដ ដែលបានរៀបចំនៅក្នុងខេត្ដសៀមរាប។

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់ នាពេលខាងមុខនេះ ដែលនឹងប្រព្រឹត្តិ ទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។

អ្វីកាន់តែគួរឲ្យចាប់អារម្មណ៍បន្ថែមទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានជម្រាបដល់ប្រជាពលរដ្ឋកុំព្រួយឱ្យសោះ រដ្ឋមិនអនុញ្ញា​តឱ្យក្រុមហ៊ុនធំ អភិវឌ្ឍគម្រោងតំបន់ទេសចរណ៍ធម្មជាតិ រហូតប៉ះពាល់ប្រជាពលរដ្ឋឡើយ និងណែនាំទៅអ្នកវិនិយោគ សុំកុំកសាងអគារខ្ពស់ និងបុរីនៅលើភ្នំ ដែលជាគោលដៅទេសចរណ៍ធម្មជាតិបន្ថែមទៀត ពីព្រោះភ្ញៀវទេសចរណ៍ចង់មកទស្សនា នៅតាមគោលដៅសាមញ្ញៗ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ផ្ដល់កិច្ចសហការ ឱ្យបានល្អជាមួយក្រសួងទេសចរណ៍ ដើម្បីកំណើន និងផ្ដល់ភាពវិជ្ជមាន ដល់វិស័យទេសចរណ៍ នៅក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើន ផ្ដល់ជាប្រយោជន៍ជូនពលរដ្ឋកម្ពុជា ព្រមទាំងណែនាំឱ្យទុកឱកាសឱ្យសហគមន៍ អភិវឌ្ឍន៍វិស័យទេសចរណ៍ ឱ្យអស់លទ្ធភាពសិន មុននឹងផ្ដល់ឱ្យក្រុមហ៊ុនជន ឬវិស័យឯកជន វិនិយោគលើគម្រោង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ពលរដ្ឋនៅតាមសហគមតែងតែបង្ហាញក្ដីព្រួយបារម្ភ នៅចំពោះមុខសម្ដេច ខ្លាចពេលក្រុមហ៊ុនចូលវិនិយោគ នៅតំបន់ទេសចរណ៍ធម្មជាតិ គឺបាត់បង់ចំណូលរបស់ពួកគាត់ និងបាត់បង់អ្វីដែលជាតំបន់ទេសចរណ៍ធម្មជាតិ។ កន្លងមកមានសំណើរសុំឱ្យក្រុមហ៊ុន ឬវិស័យឯកជន ចូលវិនិយោគនៅតាមតំបន់ទេសចរណ៍ធម្មជាតិមួយចំនួន ប៉ុន្តែត្រូវបានសម្ដេចបដិសេធ ហើ​យណែនាំឱ្យបង្រៀនពលរដ្ឋ ពីរបៀបបដិសណ្ឋារកិច្ចភ្ញៀវ និងសាងសង់កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់ បង្គន់អនាម័យបន្ថែមជូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here