រដ្ឋាភិបាលជប៉ុនគ្រោងពន្យារពេលក្នុងការបញ្ចប់គម្រោងពង្រីកបណ្តាញខ្សែរថភ្លើងនៅកោះហុកកៃដូ ដ៏ល្បីល្បាញ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Kyodo News បានចុះផ្សាយឱ្យដឹងថា រដ្ឋាភិបាលជប៉ុនគ្រោងពន្យារពេលក្នុងការបញ្ចប់គម្រោងពង្រីកបណ្តាញខ្សែរថភ្លើង Hokkaido Shinkansen ឆ្ពោះទៅកាន់ទីក្រុង Sapporo រហូតដល់ខែមីនា ឆ្នាំ២០៣៩។

គម្រោងពង្រីកខ្សែរថភ្លើង Hokkaido Shinkansen នេះមានប្រវែង២១២គីឡូម៉ែត្រ ដោយតភ្ជាប់រវាងស្ថានីយ៍រថភ្លើង Shin-Hakodate-Hokuto ស្ថិតនៅភាគខាងត្បូងនៃកោះហុកកៃដូ និងទីក្រុង Sapporo ដែលជាទីប្រជុំជនរបស់កោះមួយនេះ។

កាលបរិច្ឆេទនៃការបញ្ចប់គម្រោងខាងលើនឹងត្រូវបានពន្យារពេលរហូតដល់ឆ្នាំ២០៣៩ បើប្រៀបធៀបនឹងកាលបរិច្ឆេទដំបូង ដែលកំណត់នៅត្រឹមឆ្នាំ២០៣១។ ភាពយឺតយ៉ាវនេះបណ្តាលមកពីកង្វះកម្លាំងពលកម្មនៅការដ្ឋានសំណង់ និងបញ្ហាប្រឈមភូមិសាស្ត្រ ដែលកំពុងបង្កការលំបាកដល់ការងារស្ថាបនាកំណាត់ផ្លូវដែកក្រោមដី។

ការស្ថាបនាកំណាត់ផ្លូវដែកក្រោមដីមានចម្ងាយស្មើនឹង៨០ភាគរយនៃចម្ងាយសរុបរបស់គម្រោងផ្លូវដែកទាំងមូល ដែលនឹងធ្វើដំណើរឆ្លងកាត់តំបន់ភាគខាងត្បូងកោះហុកកៃដូឆ្ពោះទៅកាន់រមណីយដ្ឋានជិះស្គីឈ្មោះ “Niseko”ដ៏ល្បីល្បាញនៅលើកោះមួយនេះ។

រដ្ឋាភិបាលជប៉ុនបានអនុម័តគម្រោងនេះនៅក្នុងឆ្នាំ២០១២ ដោយបានព្យាករណ៍ថា គម្រោងនេះនឹងត្រូវចំណាយទុនវិនិយោគចំនួន១,៦៧ទ្រីលានយ៉េន(ប្រហែល១១,៣ពាន់លានដុល្លារ)។

យ៉ាងណាមិញ នៅខែធ្នូ ឆ្នាំ២០២២ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុនបានបង្កើនការព្យាករណ៍តួលេខនៃទំហំទុនវិនិយោគកើនឡើងដល់ចំនួន២,៣ទ្រីលានយ៉េន ដោយសារការកើនឡើងនៃតម្លៃសម្ភារៈសំណង់៕ប្រភព: Kyodo News៕

LEAVE A REPLY

Please enter your comment!
Please enter your name here