ដោយៈ និស្ស័យ
ពោធិសាត់ៈ ក្រុមមន្រ្តីបានចុះពិនិត្យស្ពានខ្ពស់ជាគេ លើកំណាត់ផ្លូវជាតិលេខ១០ នឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្ន ចាប់ពីថ្ងៃទី ១១-១៧ ខែមេសា ឆ្នាំ២០២៥ នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
ការចុះពិនិត្យនេះដឹកនាំដផយលោកខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងសាងសង់ផ្លូវជាតិលេខ១០ បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារការសាងសង់ផ្លូវជាតិលេខ១០ ដោយមានការចូលរួមពី ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
-->
គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត -វាលវែង -កោះកុង សម្រេចបានលទ្ធផលជារួម៩៨,១៦%ហើយ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៥ នេះ។ គម្រោងនេះក៏មានស្ថាបនាលូគ្រប់ប្រភេទសរុបចំនួន៤៧៨កន្លែង និងស្ពានចំនួន៣២ស្ពាន ហើយស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាគេមានកម្ពស់៩០ម៉ែត្រ ប្រវែង៥៣៨ម៉ែត្រ សម្រេចការសាងសង់បានប្រមាណ៩៨,២% ផងដែរ។

ស្ពានលេខ២៨ នេះនឹងត្រូវប្រារព្ធពិធីចាក់បេតុងតភ្ជាប់ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ លើសពីនោះ ដើម្បីជាអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ស្ពាននេះនឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្នរយៈពេល ៧ថ្ងៃ គឺចាប់ពីថ្ងៃទី ១១-១៧ ខែមេសា ឆ្នាំ២០២៥ ហើយអនុញ្ញាតឱ្យឆ្លងកាត់តែរថយន្តធុនតូច និងនៅពេលថ្ងៃតែប៉ុណ្ណោះ។
ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៧,៣៦ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មកហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕
