អ្នកវិនិយោគចិនបានឈរនៅចំណាត់ថ្នាក់ទី១ក្នុងការវិនិយោគនៅកម្ពុជានៅដើមឆ្នាំនេះ ខណៈប្រតិភូចិនពិចារណាវិនិយោគបន្ថែម

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់បានលើកឡើងថា ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត គម្រោងវិនិយោគចំនួន១១២ ក្នុងទុនវិនិយោគប្រមាណ១ប៊ីលានដុល្លារអាមេរិក ហើយការវិនិយោគមកពីប្រទេសចិន បានរួមចំណែកដល់ទៅប្រមាណជិត៨០%នៃទុនវិនិយោគសរុប។

លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការីបានថ្លែងបែបនេះ ក្នុងពេលទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ ដឹកនាំដោយលោក ជីន សាងជីន អនុប្រធានមន្ទីរកិច្ចការបរទេសនៃខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន។

លោកអគ្គលេខាធិការបានមានមតិស្វាគមន៍ និងលើកទ្បើងពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងកម្ពុជា និងចិនដោយរដ្ឋាភិបាលចិនតែងតែ ជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមអគ្គលេខាធិការបានថ្លែងអំណរគុណ ដល់រខេត្តជាំងស៊ូដែលជារឿយៗ តែងតែជំរុញវិនិយោគិន នៅក្នុងខេត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ជាក់ស្តែង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសក្ខីភាពដ៏អស្ចារ្យមួយ ដែលបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនេះ មានក្រុមហ៊ុនវិនិយោគរហូតដល់ទៅប្រមាណជិត២០០ ហើយក៏មានការបណ្តាក់ទុនវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយទៀត ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដែលជាប្រភពទុនវិនិយោគមកពីខេត្តជាំងស៊ូ ផងដែរ។

បន្ថែមលើនេះ លោកជា វុទ្ឋីបានបញ្ជាក់ពីស្ថានភាពវិនិយោគនៅកម្ពុជាដែលមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសប្រភពទុនវិនិយោគមកពីប្រទេសចិនបានឈរនៅលំដាប់លេខរៀងទីមួយ ឬទី២ជាបន្តបន្ទាប់ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយ។

ជាមួយគ្នានេះដែរ លោកអគ្គលេធិការ ក៏បានស្នើឱ្យខេត្តជាំងស៊ូធ្វើការគិតគូរ ក្នុងការបង្កើតតំបន់កសិ-ឧស្សាហកម្មមួយ ដើម្បីផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេច សម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មក្នុងស្រុក ដែលផលិតសម្រាប់ធ្វើការនាំចេញ ពិសេសឧស្សាហកម្មផលិតគ្រឿងសង្ហារិម និងឧស្សាហកម្មផលិតសំបកកង់រថយន្ត ដោយហេតុថាកម្ពុជាមានធនធានធម្មជាតិគ្រប់គ្រាន់ ប៉ុន្តែបច្ចេកវិទ្យាសម្រាប់ធ្វើការផលិត ឬកែច្នៃនៅមានកម្រិតនៅឡើយ។

លោក ជីន សាងជីន បានកត់សម្គាល់ពីការរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា និងបានអបអរសាទរ ចំពោះកំណើននៃការវិនិយោគមកកម្ពុជា ជាពិសេសការវិនិយោគមកពីខេត្តជាំងស៊ូ។ ទន្ទឹមនឹងនេះ លោក ជីន សាងជីន បានសម្តែងនូវក្តីសោមនស្សរីករាយ ដោយបានមើលឃើញពីការរីកចម្រើន របស់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ពិសេស ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែផ្តល់ការគាំទ្រដល់ដំណើរការ របស់តំបន់សេដ្ឋកិច្ចពិសេសនេះ ដែលប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់។

ម្យ៉ាងវិញទៀត លោកក៏បានឯកភាពចំពោះសំណើរបស់លោក អគ្គលេខាធិការ ក្នុងការពិចារណាបង្កើតតំបន់កសិ-ឧស្សាហកម្ម ធ្វើការផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេច នៅកម្ពុជាសម្រាប់ផ្តត់ផ្គង់ដល់ឧស្សាហកម្មធំៗ ដើម្បីរួមចំណែកកាត់បន្ថយការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស សំដៅចូលរួមបង្កើតតម្លៃបន្ថែមក្នុងស្រុក។

ឆ្លៀតក្នុងឱកាសនេះដែរ អង្គប្រជុំក៏បានពិភាក្សាអំពីការត្រៀមរៀបចំដំណើរទស្សនកិច្ច របស់លោកអភិបាលខេត្តជាំងស៊ូនៅកម្ពុជានៅចុងខែឧសភា ឆ្នាំ២០២៥ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here