ក្រុងសៀមរាបនឹងរៀបចំឲ្យមានខ្សែរថយន្តក្រុងសាធារណៈចំនួន៣ខ្សែនាពេលឆាប់ៗខាងមុខ

0

ដោយៈ គង់ សូរិយា

    សៀមរាបៈ ក្រុមន្រ្តីក្រសួងសាធារណៈការ និងស្ថាប័នពាក់ព័ន្ឋបានជួបប្រជុំគ្នាពិភាក្សា លើការរៀបចំខ្សែរថយន្តសាធារណៈអគ្គិសនីចំនួន៣ខ្សែ និងចំណតរង់ចាំចំនួន៣៣នាពេលខាងមុខនេះ។

កិច្ចប្រជុំនេះដឹកនាំដោយលោកលោក គង់ សុផល អគ្គនាយករង បានអញ្ជើញជាសហអធិបតីក្នុងសិក្ខាសាលាបញ្ចប់គម្រោង TA6559-REG/CDIA នៃការសិក្សាប្រព័ន្ធដឹកជញ្ជូនសាធារណៈ តាមរថយន្ដក្រុងអគ្គិសនី ក្នុងក្រុងសៀមរាប។

ខាងមុខកិច្ចប្រជុំនេះមានការចូលរួមពីលោកលី សារី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប លោក ប៉ែន វិបុលសក្ដិ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍គម្រោង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Lara Arjan អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុងជាន់ខ្ពស់របស់ADB។

គម្រោងសិក្សារៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈ តាមរថយន្ដក្រុងអគ្គិសនី នៅក្នុងក្រុងសៀមរាប ចាប់ផ្ដើមសិក្សាបុរេសមិទ្ធិលទ្ធភាពដោយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សហការជាមួយវិទ្យាសា្ថនអភិវឌ្ឍបៃតង (GGGI) និងទទួលបានការសម្របសម្រួល និងគាំទ្រពីរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ក្នុងឆ្នាំ២០២១។

ក្រុមការងារនាយកដ្ឋានដឹកជញ្ជូនសាធារណៈក្រុង នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះសិក្សាកំណត់យកខ្សែរត់ចំនួន ៣ខ្សែ  និងស្ថានីយរង់ចាំចំនួន៣៣ទីតាំង។

ខ្សែរត់ចំនួន ៣នោះ រួមមាន ខ្សែរត់ទី១ ៖ ផ្លូវជាតិលេខ ៦ ទៅ-មក ចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ (វិទ្យាល័យសម្ដេចឪ) រហូតដល់រង្វង់មូលផ្ការំដួល (ស្វាយធំ)ស្រុកប្រាសាទបាគង។ ខ្សែរត់ទី២ ៖ ផ្លូវក្រវាត់ក្រុង ចាប់ពីស្ដុបចុងកៅស៊ូ រត់តាមបណ្ដោយវិថីឈ្នះៗ (ផ្លូវវាងក្រុង ) រហូតដល់ស្ដុបឈ្នះៗ (ស្ដុបសាលាគ្រួស) និងបន្ដតាមវិថីសម្ដេចក្រឡាហោម ស ខេង រហូតដល់រុក្ខវិថីព្រះសីហនុ និងបត់តាមស្ដុបគន្ធបុប្ផា មកតាមបណ្ដោយវិថីសម្ដេចវិបុលបញ្ញាសុខ អាន រហូតដល់វង្វង់មូលព្រៃគុយ បន្ដឆ្ពោះទៅរង្វង់មូលផ្ការំដួល និងបន្ដតាមផ្លូវជាតិលេខ៦ រហូតដល់ស្ដុបចុងកៅស៊ូវិញ។ ខ្សែរត់ទី៣ ៖ ផ្លូវស្របស្ទឹងសៀមរាប ពីតំបន់ចុងឃ្នៀស រហូតដល់បុរីប្រឹមប្រិយ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here