ប្រជាជនចិនវ័យក្មេងងាកទៅទិញផ្ទះនៅតាមបណ្តាទីក្រុងតូចៗ ខណៈការរស់នៅក្នុងទីក្រុងធំៗត្រូវចំណាយច្រើន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារលំនៅដ្ឋាននៅតាមបណ្តាទីក្រុងតូចៗរបស់ប្រទេសចិនបានជៀសផុតពីការដាំក្បាលចុះ ខណៈប្រជាជនចិនវ័យក្មេងជាច្រើនបានសម្រុកទៅស្វែងរកទិញផ្ទះក្នុងតម្លៃថោកសមរម្យនៅក្នុងទីក្រុងទាំងនោះ។

ជាក់ស្តែង អ្នកនាង Xiao Du អាយុ២៩ឆ្នាំ ជាអតិថិជនមួយរូបក្នុងចំណោមបណ្តាអតិថិជនវ័យក្មេងជាច្រើនរូបទៀត ដែលបានផ្លាស់ទីលំនៅទៅកាន់ទីក្រុង Fuxin ដែលជាទីក្រុងតូចមួយនៅខេត្ត Liaoning។

ជាធម្មតា គេត្រូវចំណាយពេលពីរម៉ោងកន្លះក្នុងការធ្វើដំណើរតាមរថភ្លើងរវាងទីក្រុង Fuxin ស្ថិតនៅភាគឦសាននៃប្រទេសចិន និងរដ្ឋធានីប៉េកាំង។

អ្នកនាង Xiao បានទិញផ្ទះល្វែងប្រភេទទី២ ទំហំ២៨ម៉ែត្រការ៉េនៅទីក្រុង Fuxin ក្នុងតម្លៃត្រឹមតែ៣.៥០០ដុល្លារអាមេរិកប៉ុណ្ណោះ។ អ្នកនាងបានថ្លែងប្រាប់កាសែត CNA ថា “តម្លៃផ្ទះនៅទីនោះពិតជាថោកណាស់។ប្រសិនបើលោកអ្នកកំពុងស្វែងរកកន្លែងរស់នៅ ទីក្រុងនេះជាជម្រើសដ៏ល្អ”។

យោងតាមទិន្នន័យពីវេទិកាអចលនទ្រព្យ Anjuke បានឱ្យដឹងថា “ផ្ទះល្វែងប្រភេទទី២(Second-hand) នៅក្នុងទីក្រុង Fuxin ដែលទីក្រុងលំដាប់ទី៤ របស់ប្រទេសចិនមានតម្លៃជាមធ្យមប្រហែល៥៩០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ”។

ផ្ទុយទៅវិញ ផ្ទះល្វែងប្រភេទទី២នៅទីក្រុងលំដាប់ទី១ ដូចជាទីក្រុងសៀងហៃ​មានតម្លៃ​ជា​មធ្យមចំនួន៧.០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ ខណៈផ្ទះប្រភេទទី២ នៅទីក្រុង Xiamen ដែលជាទីក្រុង​លំដាប់​ទី៣របស់ប្រទេសចិន មានតម្លៃជាមធ្យមប្រមាណ៥.០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។

ទីក្រុង Fuxin ជាទីក្រុងលំដាប់ទី៤ របស់ប្រទេសចិន ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេពីបណ្តាអតិថិជនវ័យក្មេង ដែលកំពុងស្វែងរកទិញលំនៅដ្ឋានតម្លៃសមរម្យ និងគេចចេញពីរបៀបរស់នៅទំនើបនៅទីក្រុងធំៗ ដោយសារកង្វះលទ្ធភាពថវិកា។

គួបផ្សំជាមួយនឹងកត្តាកម្រិតថ្លៃចំណាយទាបលើការរស់នៅ ទីក្រុង Fuxin និងបណ្តាទីក្រុងតូចៗដទៃផ្សេងទៀត បានក្លាយជាជម្រើសសម្រាប់យុវជនចិន ដែលមានប្រាក់សន្សំតិចតួចក្នុងការកសាងជីវិតថ្មីបែបសាមញ្ញ៕ប្រភព: CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here