ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Nikkei Asia បានចុះផ្សាយថា វិស័យអចលនទ្រព្យកំពុងរីកដុះដាលនៅទូទាំងតំបន់អាស៊ី ខណៈដែលទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងតំបន់មជ្ឈមណ្ឌលសេដ្ឋកិច្ចធំៗ រួមមានដូចជាទីក្រុងតូក្យូ និងប្រទេសសិង្ហបុរីបានទាក់ទាញបណ្តាអ្នកវិនិយោគបរទេសមកពីជុំវិញពិភពលោក។
ស្របពេលជាមួយគ្នានោះ បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យបាននិងកំពុងចាប់យកឱកាសពីនិន្នាការនេះ និងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីពង្រីកផលបត្រអាជីវកម្ម។
តួយ៉ាង បណ្តាក្រុមហ៊ុនអចលនទ្រព្យល្បីៗនៅតំបន់អាស៊ានកំពុងបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅក្នុងគម្រោងលំនៅដ្ឋាន ខណៈចំនួនអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅតំបន់អាស៊ាន ជាពិសេសនៅក្នុងប្រទេសថៃ បានកើនឡើង ។
-->
ទន្ទឹមនឹងនេះ បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានកំពុងខិតខំជំរុញនូវគម្រោងដ៏មានមហិច្ឆតា ក្នុងការសាងសង់លំនៅដ្ឋានតម្លៃសមរម្យ។ តួយ៉ាង ក្រុមហ៊ុនខ្នាតយក្ស Vingroup នៅប្រទេសវៀតណាមបានប្តេជ្ញាសាងសង់លំនៅដ្ឋានតម្លៃសមរម្យឱ្យបានចំនួន៥០ភាគរយនៃគោលដៅសរុបរបស់រដ្ឋាភិបាលវៀតណាម ដែលកំណត់ចំនួន១លានយូនីត។
ជាមួយគ្នានេះ រដ្ឋាភិបាលថៃបានប្តេជ្ញាសាងសង់លំនៅដ្ឋានតម្លៃសមរម្យចំនួន៣០០.០០០យូនីត ខណៈរដ្ឋាភិបាលម៉ាឡេស៊ីគ្រោងនឹងជួសជុលកែលម្អអគារចាស់ៗនៅតាមទីក្រុងធំៗរបស់ខ្លួន ដូចជាទីក្រុងគូឡាឡាំពួរជាដើម។
ទោះបីជាយ៉ាងណាក្តី គំនិតផ្តួចផ្តើមទាំងនេះក៏បាននាំឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់លំនៅដ្ឋានលើសតម្រូវការផងដែរ។
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto ដែលបានប្រកាសសាងសង់ផ្ទះចំនួន៣លានយូនីតក្នុងមួយឆ្នាំៗ កំពុងប្រឈមមុខនឹងការលំបាក ព្រោះផ្ទះតម្លៃសមរម្យ ដែលធ្លាប់ត្រូវបានសាងសង់ក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតីឥណ្ឌូនេសុីលោក Joko Widodo ជួបប្រទះបញ្ហាកង្វះគុណភាព និងស្ថិតនៅទីតាំងឆ្ងាយដាច់ស្រយាល៕ប្រភព: Nikkei asia៕
