តើអាផាតមុិនសម្រាប់ជួល និងទិញនៅរាជធានីភ្នំពេញមានតម្លៃដូចម្តេច?

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: ទីក្រុងភ្នំពេញជា​រាជធានី និង​ជា​ទីក្រុង​ដែល​មាន​ប្រជាជន​រស់នៅច្រើន​ជាងគេបំផុត​នៅក្នុងប្រទេស​កម្ពុជា ព្រមទាំងក្លាយជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច ឧស្សាហកម្ម និងវប្បធម៌របស់កម្ពុជា។

រាជធានីភ្នំពេញមានតំបន់ទេសចរណ៍ជាច្រើន ដែលទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឱ្យចូលមកទស្សនា រួមមានដូចជាព្រះបរមរាជវាំង វត្តភ្នំ វត្តព្រះកែវមរកត សារមន្ទីរជាតិ និងបណ្តុំសំណង់អគារចាស់ៗ ដែលបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង។

ដោយឡែក ថ្លៃចំណាយលើការរស់នៅក្នុងរាជធានីភ្នំពេញក៏មានកម្រិតខ្ពស់ផងដែរ។តួយ៉ាង ការជួលអាផាតមុិនមានបន្ទប់គេងចំនួន១នៅចំកណ្តាលរាជធានីមួយនេះមានតម្លៃជាមធ្យមប្រមាណ៥១០,៤០ដុល្លារក្នុងមួយខែ។

ចំណែក ការជួលអាផាតមុិនមានបន្ទប់គេងចំនួន៣ នៅចំកណ្តាលរាជធានីភ្នំពេញមានតម្លៃជាមធ្យមប្រមាណ១.០៣៦ដុល្លារក្នុងមួយខែ។ នេះបើយោងតាមការចុះផ្សាយដោយវេបសាយ Numbeo ដែលជាមូលដ្ឋានប្រមូលទិន្នន័យអចលនទ្រព្យអនឡាញ។

ជាមួយគ្នានេះ ការជួលអាផាតមុិនមានបន្ទប់គេងចំនួន១ នៅខាងក្រៅតំបន់កណ្តាលរាជធានីភ្នំពេញមានតម្លៃជាមធ្យមចំនួន២៨៩,៥៧ដុល្លារក្នុងមួយខែ ខណៈការជួលអាផាតមុិនមានបន្ទប់គេងចំនួន៣,នៅខាងក្រៅតំបន់កណ្តាលរាជធានីភ្នំពេញ មានតម្លៃជាមធ្យមប្រមាណ៥៩១,៧៥ដុល្លារក្នុងមួយខែ។

ដោយឡែក អាផាតមុិនសម្រាប់លក់នៅចំកណ្តាលរាជធានីភ្នំពេញមានតម្លៃជាមធ្យមចំនួន២.៤២៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈអាផាតមុិនសម្រាប់លក់នៅខាងក្រៅតំបន់កណ្តាលរាជធានីភ្នំពេញមានតម្លៃជាមធ្យមចំនួន១.៥១៨ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ចំណែក ប្រាក់ខែសុទ្ធប្រចាំខែជាមធ្យម(បន្ទាប់ពីបង់ពន្ធរួច)របស់អ្នករស់នៅរាជធានីភ្នំពេញមានចំនួន៣៤៦,២៧ដុល្លារក្នុងមួយខែ។ នេះបើយោងតាមទិន្នន័យរបស់គេហទំព័រ Numbeo ដែលបានធ្វើបច្ចុប្បន្នភាពថ្មីចុងក្រោយបង្អស់ត្រឹមខែមីនា ឆ្នាំ២០២៥៕ប្រភព: Numbeo៕

LEAVE A REPLY

Please enter your comment!
Please enter your name here