វិបត្តិលំនៅដ្ឋានរបស់ប្រទេសអូស្ត្រាលីមានស្ថានភាពធ្ងន់ធ្ងរ ខណៈប្រជាជនខ្វះលទ្ធភាពហិរញ្ញវត្ថុ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយបានរកឃើញថា ប្រជាជននៅប្រទេសអូស្ត្រាលីត្រូវការទំហំប្រាក់ចំណូលប្រចាំឆ្នាំយ៉ាងតិច១៣មុឺនដុល្លារអូស្ត្រាលីក្នុងមួយឆ្នាំ(ប្រហែល៨១.៧០០ដុល្លារអាមេរិក) ទើបមានលទ្ធភាពហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីជួលផ្ទះ។

សម្រាប់ប្រជាជនអូស្ត្រាលី ដែលរកបានប្រាក់ចំណូលតិចជាង១៣មុឺនដុល្លារអូស្ត្រាលីក្នុងមួយឆ្នាំ អាចប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុ ក្នុងការជួលលំនៅដ្ឋាន។នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រុម​យុទ្ធនាការ Everybody’s Home។

យុទ្ធនាការ “Everybody’s Home” ជាយុទ្ធនាការជាតិដើម្បីបញ្ចប់វិបត្តិលំនៅដ្ឋាននៅក្នុងប្រទេសអូស្ត្រាលី។

សម្រាប់អ្នក ដែលរកប្រាក់ចំណូលបានចំនួន៧មុឺនដុល្លារអូស្ត្រាលីក្នុងមួយឆ្នាំៗ នោះពួកគេនឹងត្រូវចំណាយប្រាក់ចំណូលជាង៥០ភាគរយលើការជួលលំនៅដ្ឋានក្នុងប្រទេសអូស្ត្ត្រាលី។

ដោយឡែក សម្រាប់អ្នក ដែលរកបានប្រាក់ចំណូលត្រឹមតែ៤មុឺនដុល្លារអូស្ត្រាលីក្នុងមួយឆ្នាំ អាចនឹងត្រូវបង្ខំចិត្តចំណាយប្រាក់ចំនួនជាង៧០ភាគរយនៃប្រាក់ចំណូលសរុបប្រចាំឆ្នាំរបស់ពួកគេដើម្បីជួលផ្ទះ។

លោកស្រី Maiy Azize អ្នកនាំពាក្យរបស់យុទ្ធនាការ Everybody’s Home បានលើកឡើងថា ការសិក្សាស្រាវជ្រាវនេះបង្ហាញឱ្យឃើញពីគម្លាតដ៏ធំរវាងទំហំប្រាក់ចំណូល និងតម្លៃជួលលំនៅដ្ឋាន ដែលហក់ឡើងកាន់តែខ្ពស់។

តួយ៉ាង ការជួលលំនៅដ្ឋាននៅទីក្រុងស៊ីដនីមានតម្លៃស្មើនឹងចំនួន១០២ភាគរយនៃប្រាក់ចំណូលរបស់មនុស្សម្នាក់ ដែលរកបានចំណូល៤មុឺនដុល្លារអូស្ត្រាលីក្នុងមួយឆ្នាំ។

លោកស្រី Karen Walsh នាយកប្រតិបត្តិក្រុមហ៊ុន National Shelter បានថ្លែងប្រាប់កាសែត ABC ថា “ប្រជាជនអូស្ត្រាលីជាច្រើនកំពុងត្រូវបានទុកចោលក្នុងស្ថានភាពអស់សង្ឃឹម”។

លោកស្រី​បាន​បន្ថែមថា​ “គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប​នៅ​តែ​បន្ត​ត្រូវ​បាន​គេ​បង្ខំឱ្យចាកចេញ​ពី​លំនៅដ្ឋានជួលឯកជន។​ ពួកគេ​មាន​ហានិភ័យ​ខ្ពស់​នៃ​ភាពគ្មាន​ផ្ទះ​សម្បែង ដោយ​សារកង្វះ​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​សង្គម​”៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here