ក្រុមហ៊ុនលក់រាយយក្ស Frasers Group របស់អង់គ្លេសគ្រោងនាំយកម៉ាកយីហោដ៏ល្បីមកកាន់កម្ពុជា

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមហ៊ុនលក់រាយខ្នាតយក្ស ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស Frasers Group បានបង្ហើបផែនការក្នុងការពង្រីកការបោះជំហានជាសកលសម្រាប់ម៉ាកយីហោ Sports Direct ដ៏ល្បីល្បាញរបស់ខ្លួន។

យោងតាមសារពត៌មាន Yahoo បានចុះផ្សាយថា ក្រុមហ៊ុន Frasers Group គ្រោងនឹងនាំយកម៉ាកយីហោ Sports Direct ចូលទៅក្នុងបណ្តាប្រទេសចំនួន៥ នៅតំបន់អាសុី រួមមានទាំងកម្ពុជា ឥណ្ឌា ហ្វីលីពីន ថៃ និងវៀតណាម ។

ក្រុមហ៊ុនលក់រាយខ្នាតយក្ស Frasers Group ក៏នឹងពង្រីកភាពជាដៃគូជាមួយក្រុមហ៊ុនចែកចាយសម្ភារៈកីឡា និងម៉ូដទាន់សម័យ MAP Active ក្នុងគោលបំណងដើម្បីសម្របសម្រួលដល់ដំណើរការពង្រីកម៉ាកយីហោរបស់ខ្លួន។

កិច្ចសហការនេះត្រូវបានគេរំពឹងថា នឹងអនុញ្ញាតឱ្យក្រុមហ៊ុន Frasers Group អាចប្រើប្រាស់បណ្តាញចែកចាយដែលមានស្រាប់របស់ក្រុមហ៊ុន MAP Active និងទទួលបានចំណេះដឹងស៊ីជម្រៅអំពីនិន្នាការទីផ្សារក្នុងស្រុករបស់បណ្តាប្រទេសនីមួយៗ។

ក្រុមហ៊ុន MAP Active ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនលក់រាយ PT Mitra Adiperkasa Tbk របស់ឥណ្ឌូនេសុី ដោយគ្រប់គ្រងម៉ាកយីហោផ្តាច់មុខជាង៤០ប្រភេទតាមរយៈហាងចំនួន១.៨៧១ទីតាំង និងវេទិកាអនឡាញចំនួន៣០។

លោក VP Sharma នាយកប្រតិបត្តិក្រុមហ៊ុន PT Mitra Adiperkasa បានលើកឡើងថា “យើងមានមោទនភាពក្នុងការពង្រឹងភាពជាដៃគូជាមួយក្រុមហ៊ុន Frasers Group ដោយប្រើប្រាស់បណ្តាញចែកចាយ និងសេវាកម្មរបស់យើងដើម្បីនាំយកផលិតផលលំដាប់ថ្នាក់ពិភពលោករបស់ម៉ាកយីហោ Sports Direct ទៅកាន់អតិថិជននៅទូទាំងតំបន់អាស៊ី”។

សេចក្តីប្រកាសនេះបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន Frasers បានឈានជើងចូលទៅកាន់តំបន់មជ្ឈិមបូព៌ា និងតំបន់អាហ្រ្វិកខាងជើង តាមរយៈភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលមួយទសវត្សរ៍ជាមួយក្រុមហ៊ុន GMG ។

លោក Michael Murray នាយកប្រតិបត្តិ Frasers Group បានអះអាងថា “យើងមានសេចក្តីរំភើបរីករាយក្នុងការប្រកាសពីការពង្រីកបន្ថែមទៀតនូវភាពជាដៃគូជាមួយក្រុមហ៊ុន MAP Active ដើម្បីឈានជើងទៅកាន់ទីផ្សារថ្មីចំនួន៥ ដែលយើងសម្លឹងឃើញសក្តានុពលរយៈពេលវែង”៕ប្រភព: Yahoo៕

LEAVE A REPLY

Please enter your comment!
Please enter your name here