នៅទីបំផុតគណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលថៃបានអនុម័តច្បាប់ ស្តីពីកាស៊ីណូហើយ

0

ដោយៈ និស្ស័យ

ប្រទេសថៃៈ នៅទីបំផុត គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃ​នៅថ្ងៃព្រហស្បតិ៍នេះ បានអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពី​កាស៊ីណូ និងកន្លែងកម្សាន្ត ខណៈ​រដ្ឋាភិបាល​ចង់​បង្កើន ​ការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ​ តាម​រយៈការបង្កើតភាព​ស្របច្បាប់សម្រាប់កាស៊ីណូ។ នេះបើតាម​ការចុះផ្សាយរបស់​​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សេចក្តីព្រាងច្បាប់​​នេះ​ នឹង​កម្រិត​​ចំនួន​ប្រជាជនថៃ ដែល​អាច​ចូល​លេង​ល្បែង​ក្នុងកាស៊ីណូ​ ដោយ​វាទាមទារថ្លៃចូលលេង៥០០០ បាត និងមាន​ភស្តុតាង​បញ្ជាក់​ថា​មាន​ប្រាក់​៥០លានបាត នៅក្នុងប្រាក់បញ្ញើរបស់ធនាគារ។ ការកំណត់នេះ នឹង​កម្រិត​លទ្ធភាព​ដែល​ប្រជាជន​ថៃអាច​ចូល​លេង​ល្បែង​ក្នុងកាស៊ីណូ។

សេចក្ដីព្រាងច្បាប់​បាន​កំណត់ផងដែរថា​ ទីតាំងកាស៊ីណូត្រូវតែរួមចំណែកត្រឹម១០ភាគរយ នៃ​កន្លែងកម្សាន្ត​ប៉ុណ្ណោះ។

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក​ Julapun Amornvivat បាននិយាយ​កាលពីដើមខែនេះថា តម្រូវការបញ្ជាក់​ទ្រព្យសម្បត្តិសម្រាប់ជនជាតិថៃ ប្រហែលជានឹងត្រូវលុបចោល ព្រោះវា​មិនរាប់បញ្ចូលមនុស្សច្រើនពេក។

លោក​​បន្ត​​ថា “មន្ត្រីថៃ​​បាន​សម្រេច​ដាក់​សេចក្តី​ព្រាង​ច្បាប់​នេះ​ក្នុង​ទម្រង់​បច្ចុប្បន្ន​​ ហើយ​នឹង​​ធ្វើ​វិសោធនកម្ម​​តាម​ក្រោយ​ ប្រសិន​បើ​ត្រូវការ”។

ការអនុម័ត​របស់គណៈរដ្ឋមន្រ្តី នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត់ត្រា បាន​ថ្លែងថា​ សេចក្តី​លម្អិត​នៃ​ច្បាប់​ស្ដីពីកាស៊ីណូដដែល​ មិន​ទាន់បញ្ចប់នៅឡើយទេ ​​ហើយសភានឹង​កំណត់ចុង​ក្រោយ​។ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅសភាតំណាងរាស្រ្ត ហើយប្រសិនបើត្រូវបានអនុម័ត ក៏វា​នឹងត្រូវការការអនុម័តពីព្រឹទ្ធសភា និងព្រះមហាក្សត្រផងដែរ។

ល្បែងស៊ីសងភាគច្រើន ត្រូវបានហាមឃាត់នៅក្នុងប្រទេសថៃ ក្រៅតែពីការប្រណាំងសេះ ចាក់​ឆ្នោត និងកីឡា ដែលគ្រប់គ្រងដោយ​រដ្ឋ​មួយចំនួន ប៉ុន្តែកន្លងមក រដ្ឋាភិបាលថៃបាន​ជំរុញ​ដាក់​កាស៊ីណូឱ្យនៅស្របច្បាប់ ដើម្បីជំរុញ​វិស័យទេសចរណ៍ បង្កើតការងារ និង​បង្កើនចំណូលជូនរដ្ឋ ទោះបីជា​មាន​ការប្រឆាំង​រិះគន់ ចំពោះផែនការដ៏ចម្រូងចម្រាស់នេះក៏ដោយ​។

រដ្ឋាភិបាលថៃ​សង្ឃឹមថា ផែនការរបស់​ខ្លួន​នឹងទាក់​​ទាញ​ការវិនិ​យោគ១០០ប៊ីលាន​បាត ក្នុង​គម្រោងកាស៊ីណូ និងកន្លែងកម្សាន្ត​ ​ហើយ​ជំរុញ​ការ​មក​ដល់របស់​ភ្ញៀវទេសចរ ​លើសពីធម្មតា​ចន្លោះពី ៥-១០ភាគរយ និងអាច​បង្កើតប្រាក់ចំណូលជាង១២ប៊ីលាន​បាត/ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here