ដោយ: គង់ លាងហួរ
អន្តរជាតិ: ធនាគារកណ្តាលនៃប្រទេសម៉ាឡេសុី (BNM) បានអះអាងថា ក្តីព្រួយបារម្ភអំពីអត្រាការិយាល័យទំនេររបស់ទីផ្សារការិយាល័យក្នុងប្រទេសម៉ាឡេសុីនៅតែបន្តកើតមាន ខណៈការផ្គត់ផ្គង់ថ្មីមានការកើនឡើងលើសពីតម្រូវការ។
ស្តុកការិយាល័យនៅតំបន់ Klang Valley មានទំហំផ្ទៃក្រឡាសរុបចំនួន១២១,៧លានហ្វីតការ៉េ(ប្រហែល១១,៣លានម៉ែត្រការ៉េ)។ ទីក្រុងគូឡាឡាំពួរជាផ្នែកមួយនៃតំបន់ Klang Valley ស្ថិតក្នុងរដ្ឋ Selangor ។
ទោះបីជាយ៉ាងណាក្តី បញ្ហាអតុល្យភាពរវាងតម្រូវការការិយាល័យ និងការផ្គត់ផ្គង់បានកើតមានឡើង ដែលបាននាំឱ្យអត្រាការិយាល័យទំនេរកើនឡើងដល់ចំនួន២៨,៣ភាគរយនៅចុងឆ្នាំមុន។
-->
យ៉ាងណាមិញ ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield បានព្យាករណ៍ថា តម្លៃជួលការិយាល័យនៅទីក្រុងគូឡាឡាំពួរអាចនឹងកើនឡើងចំនួន១ភាគរយក្នុងឆ្នាំ២០២៥នេះ ដោយសារភាពធន់នៃតម្រូវការការិយាល័យដែលមានតម្លៃថ្លៃ និងមាននិរន្តរភាព។
របាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield បានបង្ហាញទៀតថា តម្លៃជួលការិយាល័យជាមធ្យមក្នុងទីក្រុងគូឡាឡាំពួរនឹងកើនឡើងដល់ជាង៦,៧៥ រីងហ្គីតក្នុងមួយហ្វីតការ៉េ(ប្រហែល១៦,៤ដុល្លារក្នុងមួយម៉ែត្រការ៉េ)។
លើសពីនេះ ការឈានជើងចូលនៃបណ្តាក្រុមហ៊ុនបរទេសចម្រុះជាតិសាសន៍ (MNCs) និងការពង្រីកអាជីវកម្មដែលមានស្រាប់ត្រូវបានរំពឹងថា នឹងជំរុញតម្រូវការការិយាល័យនៅក្នុងតំបន់រាជធានីរបស់ប្រទេសម៉ាឡេសុី។
ម៉្យាងវិញទៀត សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងក្នុងរង្វង់៥,៥ភាគរយនៅឆ្នាំ២០២៥ ខណៈវិស័យសេវាកម្មនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនផលទុនជាតិសរុប (GDP) របស់ម៉ាឡេសុី។
ទស្សនវិស័យសេដ្ឋកិច្ចវិជ្ជមាននេះត្រូវបានគេរំពឹងថា នឹងជំរុញសកម្មភាពអាជីវកម្ម និងជំរុញតម្រូវការជួលការិយាល័យ៕ប្រភព: The Edge Malaysia៕
