ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មខ្នាតយក្សរបស់ពិភពលោក BlackRock គ្រោងដាក់លក់ទ្រព្យសកម្មដែលនៅសេសសល់ចុងក្រោយរបស់ខ្លួននៅទីក្រុងសៀងហៃរបស់ប្រទេសចិនក្នុងអត្រាបញ្ចុះតម្លៃចំនួន៣៤ភាគរយ។
ក្រុមហ៊ុនយក្សអាមេរិកមួយនេះគ្រោងដាក់លក់អគារការិយាល័យ Trinity Place កម្ពស់២៧ជាន់ស្ថិតនៅលើផ្លូវ Changshou ក្នុងសង្កាត់ Putuo នៃទីក្រុងសៀងហៃក្នុងតម្លៃ៩០០លានយ័ន(ប្រហែល១២៤លានដុល្លារអាមេរិក)។
តម្លៃដាក់លក់ខាងលើនេះដាំក្បាលចុះ៣៤ភាគរយ បើប្រៀបធៀបនឹងតម្លៃអគារ Trinity Place ដែលក្រុមហ៊ុន BlackRock បានទិញយកពីក្រុមហ៊ុន Hong Kong Shanghai Alliance Holdings ក្នុងឆ្នាំ២០១៧។នេះបើយោងតាមការគណនារបស់កាសែត South China Morning Post។
-->
កាលពីមុននេះ ក្រុមហ៊ុន BlackRock បានដាក់លក់អគារការិយាល័យចំនួន២ នៅក្នុងតំបន់ Waterfront Place របស់ទីក្រុងសៀងហៃ បន្ទាប់ពីបានខកខានទូទាត់សងប្រាក់កម្ចីចំនួន៧៨០លានយ័ន។
បច្ចុប្បន្ន អគារការិយាល័យទាំង២នោះត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុន DCL Investments ក្នុងតម្លៃ៧០០លានយ័ន។តួលេខនេះតំណាងឱ្យការបញ្ចុះតម្លៃជាង៤០ភាគរយបើធៀបនឹងតម្លៃ ដែលក្រុមហ៊ុន BlackRock បានទិញយកនៅឆ្នាំ២០១៨។នេះបើយោងតាមរបាយការណ៍ពីកាសែត Bloomberg។

ស្របពេលដែលវិបត្តិអចលនទ្រព្យទូទាំងប្រទេសចិននៅតែបន្តជះផលប៉ះពាល់លើផលចំណេញត្រឡប់មកវិញពីការវិនិយោគ ក្រុមហ៊ុន BlackRock និងបណ្តាអ្នកវិនិយោគបរទេសផ្សេងទៀតកំពុងកាត់បន្ថយវត្តមានរបស់ខ្លួននៅក្នុងប្រទេសចិន។
ជាក់ស្តែង ការទិញយកអគារការិយាល័យ សណ្ឋាគារ អចលនទ្រព្យឧស្សាហកម្ម និងអចលនទ្រព្យលក់រាយនៅប្រទេសចិនដោយជនបរទេស មានទំហំទឹកប្រាក់សរុបបញ្ចូលគ្នាត្រឹមតែ៥,៩ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះកាលពីឆ្នាំមុន ដែលជាកម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៤។
ក្រុមហ៊ុន BlackRock មិនបានទិញអចលនទ្រព្យនៅក្នុងប្រទេសចិនក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ ផ្ទុយទៅវិញ នាពេលថ្មីៗនេះ ក្រុមហ៊ុន BlackRock បានចុះកិច្ចព្រមព្រៀង ដើម្បីទិញកំពង់ផែចំនួន២ របស់ក្រុមហ៊ុនហុងកុង CK Hutchison Holdings ក្នុងតម្លៃ២៣ពាន់លានដុល្លារអាមេរិក៕ប្រភព: SCMP៕
