ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋបាលក្រុងហ្សាការតារបស់ប្រទេសឥណ្ឌូនេសុីបានដាក់ចេញវិធានការលើកទឹកចិត្តក្នុងគោលបំណងដើម្បីជំរុញទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងមួយនេះ ស្របពេលមានភាពមិនប្រាកដប្រជាជាសកល។
អភិបាលទីក្រុងហ្សាការតាលោក Pramono Anung បានចុះហត្ថលេខាលើក្រឹត្យថ្មីមួយ ដែលលើកលែងពន្ធលើការទិញផ្ទះមានតម្លៃក្រោម២ពាន់លានរូពៀ (ប្រមាណ១២០.៣៧៥ដុល្លារ)។
គោលការណ៍នេះក៏អនុវត្តន៍ផងដែរចំពោះអាផាតមុិនដែលមានតម្លៃក្រោម៦៥០លានរូពៀ (ប្រមាណ៣៩.១២២ដុល្លារ)។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Jakarta Globe។
-->

ទោះបីជាយ៉ាងណាក្តី ការលើកលែងពន្ធនេះអនុវត្តន៍ចំពោះតែអ្នកទិញផ្ទះលើកដំបូងប៉ុណ្ណោះ។
លោក Pramono បានលើកឡើងថា “អ្នកទិញផ្ទះលើកដំបូងនឹងទទួលបានការលើកលែងពន្ធទាំងស្រុង។ ចំណែក អ្នកទិញផ្ទះទីពីរនឹងទទួលបានការលើកលែងពន្ធ៥០ភាគរយ។ប៉ុន្តែ យើងមិនមានការលើកទឹកចិត្តសម្រាប់អ្នកទិញផ្ទះទី៣ ឬលើសពីនេះទេ”។
លោកជឿជាក់ថា “អាផាតមុិនភាគច្រើននៅក្នុងទីក្រុងហ្សាការតាមានតម្លៃក្រោម៦៥០លានរូពៀក្នុងមួយយូនីត។ ដូច្នេះ ការលើកទឹកចិត្តផ្នែកពន្ធនឹងជះផលវិជ្ជមានយ៉ាងខ្លាំងដល់ការលក់អាផាតមុិន”។

ការលើកលែងពន្ធសម្រាប់អ្នកទិញផ្ទះលើកដំបូងត្រូវបានផ្តួចផ្តើមឡើងដំបូងដោយអតីតអភិបាលក្រុងហ្សាកាតា លោក Anies Baswedan នៅក្នុងឆ្នាំ២០២២។
លោក Pramono ក៏បានគូសបញ្ជាក់ផងដែរថា រដ្ឋបាលទីក្រុងហ្សាការតានឹងមិនមានការបន្ធូរបន្ថយពន្ធស្រដៀងគ្នានេះចំពោះការទិញរថយន្តនោះទេ។
លោកបានបន្ថែមថា “បន្ទាប់ពីធ្វើការពិនិត្យយ៉ាងហ្មត់ចត់ យើងបានរកឃើញថា ប្រជាជនក្នុងទីក្រុងមានយានជំនិះជាច្រើនគ្រឿង។ប៉ុន្តែ ពួកគេមិនបានបង់ពន្ធទេ។ ដូច្នេះ ម្ចាស់យានយន្តត្រូវតែបំពេញកាតព្វកិច្ចបង់ពន្ធមិនថា រថយន្តមានចំនួនប៉ុន្មាននោះទេ”៕ប្រភព: Jakarta Globe៕
