ដោយ: គង់ លាងហួរ
អន្តរជាតិ: លោកកំពូលមហាសេដ្ឋី Elon Musk ដែលកំពុងដឹកនាំក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហើបថា លោកគ្រោងនឹងកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលឱ្យបានចំនួន១ទ្រីលានដុល្លារ នៅត្រឹមចុងខែឧសភា ឆ្នាំ២០២៥នេះ។
នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្ស Tesla រូបនេះ បានគូសបញ្ជាក់ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Fox News ថា “ក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) អាចនឹងសន្សំថវិកាជាតិបានយ៉ាងច្រើនក្នុងរយៈពេល១៣០ថ្ងៃ រាប់ចាប់ពីពេលដែលលោក ត្រាំ ត្រឡប់ចូលសេតវិមានកាលពីថ្ងៃទី២០ ខែមករា។

-->
នេះជាគោលដៅប្រកបដោយមហិច្ឆិតា ដែលនឹងតម្រូវឱ្យលោក Elon Musk កាត់បន្ថយការចំណាយជាងពាក់កណ្តាលនៃទំហំទឹកប្រាក់ចំនួន១,៨ទ្រីលានដុល្លារអាមេរិក ដែលរដ្ឋបាលរបស់អតីតប្រធានាធិបតីលោក ចូ បៃដិន បានវិនិយោគលើកម្មវិធីមិនមែនការពារជាតិនៅក្នុងឆ្នាំ២០២៤។
លោក Musk បានថ្លែងប្រាប់សារព័ត៌មាន Fox News ដែលមានភាពជិតស្និទ្ធជាមួយរដ្ឋបាលលោក ដូណាល់ ត្រាំ ថា “ខ្ញុំគិតថា យើងនឹងសម្រេចបាននូវការងារជាច្រើន ដែលតម្រូវឱ្យកាត់បន្ថយឱនភាពថវិកាចំនួន១ទ្រីលានដុល្លារក្នុងអំឡុងរយៈពេលនោះ”។
លើសពីនេះ លោក Musk គ្រោងកាត់បន្ថយការចំណាយចំនួន១៥ភាគរយនៃការចំណាយសរុបប្រចាំឆ្នាំរបស់រដ្ឋាភិបាលអាមេរិក ដែលស្មើនឹងទំហំទឹកប្រាក់ចំនួន៦,៧៥ទ្រីលានដុល្លារអាមេរិក។
លោកកំពូលមហាសេដ្ឋី Elon Musk បានបង្ហាញទំនុកចិត្តថា លោកអាចធ្វើការងារនេះបាន ដោយមិនជះផលប៉ះពាល់ដល់ការផ្តល់សេវាកម្មសំខាន់ៗណាមួយរបស់រដ្ឋាភិបាលសហព័ន្ធឡើយ៕ប្រភព:Bloomberg៕
