ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមកាសែត Bangkok Post បានចុះផ្សាយថា ក្រុមហ៊ុនចម្រាញ់ប្រេងខ្នាតយក្ស PTT Oil និងក្រុមហ៊ុនលក់រាយ OR របស់ប្រទេសថៃ កំពុងបន្តពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ខណៈក្រុមហ៊ុននេះបានបើកសាខាហាងកាហ្វេ អាម៉ាហ្សូន បន្ថែមទៀតនៅរាជធានីភ្នំពេញ។
ការសម្រេចចិត្តរបស់ក្រុមហ៊ុន PTT ក្នុងការបើកសាខាហាងកាហ្វេបន្ថែមទៀតមានគោលដៅធ្វើឱ្យប្រទេសកម្ពុជាក្លាយជាមូលដ្ឋានធុរកិច្ចសំខាន់បំផុតទី២ របស់ខ្លួន បន្ទាប់ពីប្រទេសថៃ។
ហាងកាហ្វេ ដែលទើបនឹងបើកដំណើរការថ្មីនេះជាសាខាទី២៥៤ របស់ហាង Cafe Amazon ដែលមានទីតាំងនៅស្ថានីយ៍ប្រេងឥន្ធនៈថ្មី PTT នៅស្តុបវត្តនាគវ័ន ស្ថិតនៅខណ្ឌទួលគោក ដែលជាតំបន់ធុរកិច្ចដ៏រស់រវើកនៃរាជធានីភ្នំពេញ។
-->

លោក ML Peekthong Thongyai នាយកប្រតិបត្តិនៃក្រុមហ៊ុន OR បានអះអាងថា ការពង្រីកអាជីវកម្មនេះត្រូវបានគេរំពឹងថា នឹងពង្រឹងវត្តមាននៃអាជីវកម្មរបស់យើងនៅក្នុងប្រទេសកម្ពុជាស្ថិតក្រោមគោលគំនិត ពួកគេរីកចម្រើន យើងក៏រីកចម្រើន(They Grow-We Grow)។
ហាងកាហ្វេថ្មីនេះមានការរចនាប្លែក និងផ្តល់ជូនអ្នកទទួលទាននូវមុខម្ហូបពិសេសៗ និងភេសជ្ជៈចម្រុះ ដែលផលិតជាពិសេសសម្រាប់បម្រើដល់ទីផ្សារកម្ពុជា និងសម្របតាមវប្បធម៌ក្នុងស្រុក។
ហាងកាហ្វេអាម៉ាហ្សូនថ្មីនេះនឹងក្លាយទៅជា Landmark ថ្មីមួយក្នុងទីក្រុងភ្នំពេញ ដែលជាផ្នែកមួយនៃផលិតផល និងសេវាកម្មរបស់ស្ថានីយ៍ប្រេងឥន្ធនៈ PTT ដែលរួមមានហាងទំនិញ សេវាបោកអ៊ុត និងភោជនីយដ្ឋានមួយចំនួនផងដែរ។បច្ចុប្បន្ន ស្ថានីយប្រេងឥន្ធនៈ PTT នៅក្នុងប្រទេសកម្ពុជាមានចំនួន១៨៦ទីតាំង។

គម្រោងវិនិយោគផ្សេងទៀតរបស់ក្រុមហ៊ុន PTT Oil នៅក្នុងប្រទេសកម្ពុជា រួមមានការពង្រីកឃ្លាំងស្តុកប្រេងរបស់ខ្លួនក្នុងទំហំទឹកប្រាក់ចំនួន១០០លានដុល្លារអាមេរិក ដើម្បីទាញយកសក្តានុពលពីកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា។
ក្រុមហ៊ុន OR ក៏បានបង្កើតភាពជាដៃគូដើម្បីបោះទុនវិនិយោគលើសេវាកម្មចាក់ប្រេងយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។
លើសពីនេះ ក្រុមហ៊ុន OR គ្រោងនឹងចាប់ផ្តើមអាជីវកម្មឧស្ម័នរាវសម្រាប់វិស័យឧស្សាហកម្មនៅកម្ពុជានាពេលអនាគត៕ប្រភព: Bangkok Post៕
