ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញបាននិយាយថា ស្ថានភាពទីផ្សារអចលនទ្រព្យ ក្នុងរយៈពេល១ត្រីមាសនេះ ចំនួនអ្នកលក់បានកើនឡើង ធៀបជាមួយនឹងឆ្នាំមុន។
អគ្គនាយក្រុមហ៊ុនឆៃលីន ស៊ា រៀលធី លោកស៊ា ឆៃលីនបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ក្នុងស្ថានភាពនេះ ទីផ្សារកំពុងមានការផ្លាស់ប្តូរច្រើន ដោយចំនួនអ្នកលក់បានកើនខ្លាំងក្នុងទីផ្សារ ស្របពេលនិន្នាការអ្នកទិញវិញ ក៏មានចំនួនកើនឡើងដែរ ប៉ុន្តែពួកគេផ្តោតលើអចលនទ្រព្យមានតម្លៃក្រោមទីផ្សារ។
-->
លោកបន្តថា “មូលហេតុដែលមានស្ថានភាពនេះ ដោយសារម្ចាស់អចលនទ្រព្យ ដែលទ្រាំបានក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ពួកគាត់សម្រេចចិត្តលក់បណ្តើរៗហើយ”។ លោកបន្ថែមថា “អ្នកអាចទ្រាំបានកន្លងមក ពួកគេសម្រេចចិត្តលក់ ទោះបីស្ថិតក្រោមតម្លៃទីផ្សារ ដែលពួកគាត់មិនចង់បានក៏ដោយ”។

ជាមួយគ្នានេះ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) លោកយិន លាងគង់ ដែលបានតាមដានដំណើរវិវត្តន៍របស់វិស័យនេះ បានយល់ស្របនឹងការលើកឡើងខាងលើ ដោយលោកបានមានប្រសាសន៍ថា ស្ថានភាពទីផ្សារនៅផ្នែកមួយចំនូន ក្នុងឧស្សាហកម្មនេះ មានភាពមិនទាន់ប្រសើរទេ បើទោះបីជាការទិញ លក់លំនៅដ្ឋានបានកើនឡើងក្តី។
លោកបន្តថា “ស្ថានភាពទីផ្សារបានរើបឡើងតិចតួច តែមានភាពធន់ និងស្ថានភាពមិនមែនដូចពពុះសាប៊ូដូចពេលកន្លងមក”។
សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងកាលពីពេលថ្មីៗនេះថា ស្ថានភាពទីផ្សារអចលនទ្រព្យ បានងើបឡើងវិញបណ្តើរៗហើយ ប៉ុន្តែស្ថិតក្នុងស្ថានភាពយឺតៗ តែវាជាទីផ្សារពិតប្រាកដ៕
