ដោយ: គង់ លាងហួរ
អន្តរជាតិ: គិតមកទល់ពេលនេះ តំបន់រដ្ឋបាលពិសេសទីក្រុងហុងកុងរបស់ប្រទេសចិនមានទំហំការិយាល័យទំនេរចំនួន១៥លានហ្វីតការ៉េ (ប្រមាណ១,៣៩លានម៉ែត្រការ៉េ) ខណៈក្រុមអ្នកវិនិយោគវាយតម្លៃថា ទីផ្សារនឹងត្រូវការពេលវេលាយូរដើម្បីស្តារតុល្យភាពឡើងវិញ។
អតុល្យភាពនេះជាបញ្ហាប្រឈមសម្រាប់បណ្តាម្ចាស់អគារការិយាល័យនៅក្នុងទីក្រុងហុងកុង និងអ្នកគ្រប់គ្រងទ្រព្យសកម្ម ខណៈអត្រាការិយាល័យទំនេរនាពេលបច្ចុប្បន្នមានកម្រិតខ្ពស់ និងការផ្គត់ផ្គង់អគារការិយាល័យថ្មីៗបន្ថែមទៀតនាពេលអនាគត។
យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានវិភាគថា ទីផ្សារការិយាល័យហុងកុងត្រូវចំណាយពេលយ៉ាងតិច៧ឆ្នាំក្នុងការស្តារតុល្យភាពរវាងតម្រូវការ និងការផ្គត់ផ្គង់។ ដូច្នេះ ម្ចាស់អគារការិយាល័យនានាត្រូវមានភាពអត់ធ្មត់ក្នុងអំឡុងរយៈពេលនេះ។
លោក Marcos Chan នាយកប្រតិបត្តិ និងជាប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន CBRE Hong Kong បានអះអាងថា “នៅចុងទស្សវត្សនេះ សម្ពាធនៃអត្រាការិយាល័យទំនេរនឹងមានកម្រិតស្រដៀងទៅនឹងអ្វីដែលយើងកំពុងសង្កេតឃើញនៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ”។
ផ្ទុយទៅវិញ ប្រសិនបើតម្រូវការការិយាល័យប្រចាំឆ្នាំស្ថិតនៅទ្រឹងត្រឹម១លានម៉ែត្រការ៉េ នោះទីផ្សារអាចចំណាយពេល១៥ឆ្នាំដើម្បីស្តារតុល្យភាពរវាងតម្រូវការ និងការផ្គត់ផ្គង់។ នេះបើយោងតាមលោក Edward Chan អគ្គនាយកក្រុមហ៊ុន S&P Global Ratings ប្រចាំទីក្រុងហុងកុង៕ប្រភព: SCMP៕