រដ្ឋាភិបាលគ្រោងកែលំអរផ្លូវជាតិលេខ១ និងសាងសង់ស្ពានថ្មីមួយកាត់ទន្លេមេគង្គ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ មន្រ្តីជានខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកតូច ចាន់កុសល បានបើកកិច្ចប្រជុំស្តីពីការពិនិត្យពិភាក្សាលើលក្ខខណ្ឌយោង (Term of Reference) សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ១ និងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គ។

កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA) លោកប្រធាននាយកដ្ឋានផ្លូវថ្នល់ និងមន្ត្រីពាក់ព័ន្ធផងដែរ។

ក្នុងកិច្ចប្រជុំនេះ តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន បានរាយការណ៍នូវផែនការសកម្មភាព ដែលត្រូវត្រៀមអនុវត្តន៍នៅពេលខាងមុខ ដាក់ជូនអង្គប្រជុំពិនិត្យពិភាក្សា និងស្នើសុំនូវធាតុចូលបន្ថែម ដើម្បីឱ្យការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងខាងលើប្រព្រឹត្តដោយរលូន ប្រកបដោយប្រសិទ្ធភាព និងស័ក្កសិទ្ធិភាព ឆ្លើយតបនឹងស្ថានភាព ការប្រែប្រួលនិងតម្រូវការជាក់ស្តែង លើទីតាំងដែលបានកំណត់។

ឆ្លើយតបនឹងការលើកឡើងនេះ លោកតូច ចាន់កុសលបានផ្តល់នូវអនុសាសន៍ជាគន្លឹះ និងវឌ្ឍនភាពនៃគម្រោងពាក់ព័ន្ធនានា សម្រាប់ជាធាតុចូលដល់អង្គប្រជុំ ជាពិសេសឯកឧត្តមបានណែនាំដល់ក្រុមការងារសិក្សា ត្រូវគិតគូរឱ្យបានច្បាស់លាស់ ពីអំពីការប្រែប្រួលធាតុអាកាស (Climate Change) ការសិក្សាអំពីហេតុប៉ះពាល់លើបរិស្ថាននិងសង្គម និងការផលប៉ះពាល់នានា ដល់ប្រជាពលរដ្ឋដែលអាចនឹងរងគ្រោះដោយគម្រោង។

បន្ថែមពីនេះកិច្ចប្រជុំ ក៏បានលើកឡើងបន្ថែមអំពីការអនុវត្តស្តង់ដារបច្ចេកទេសថ្មីរបស់ក្រសួង ដែលទើបបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់ក្រុមការងារ យកធ្វើជាមូលដ្ឋានបច្ចេកទេស ដើម្បីអនុវត្តការងារស្របតាមបទបញ្ញត្តិដែលក្រសួងបានធ្វើទំនើបកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here