ទស្សនវិស័យប្រាក់ចំណេញរបស់បណ្តាក្រុមហ៊ុនអចលនទ្រព្យចិនធំៗអាចនឹងមានភាពប្រសើរឡើងនៅឆ្នាំនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន China Vanke និងក្រុមហ៊ុន China Overseas Land &Investment ស្ថិតនៅក្នុងចំណោមបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនធំៗ ដែលគ្រោងប្រកាសនូវរបាយការណ៍ប្រាក់ចំណូលនៅសប្តាហ៍នេះ ខណៈវិស័យអចលនទ្រព្យចិនបង្ហាញសញ្ញានៃការងើបឡើងវិញ។

បើទោះបីជាមានការព្រមានអំពីការធ្លាក់ចុះនៃប្រាក់ចំណេញនាពេលថ្មីៗនេះយ៉ាងណាក្តី ក៏ប៉ុន្តែស្ថាប័ន Bloomberg Intelligence (BI) បានវាយតម្លៃថា “ការត្រៀមចេញផ្សាយរបាយការណ៍ប្រាក់ចំណូលរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យចិនអាចជាសញ្ញាវិជ្ជមានសម្រាប់អនាគត”។

ការផ្តល់មូលនិធិពីរដ្ឋាភិបាលចិនដល់បណ្តាក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកទាំងនេះ ដើម្បីទូទាត់សងបំណុលនឹងអាចធ្វើឱ្យទស្សនវិស័យប្រាក់ចំណេញរបស់ពួកគេនៅឆ្នាំ២០២៥ មានសភាពល្អប្រសើរជាងឆ្នាំមុនៗ និងជំរុញសន្ទុះនៃតម្លៃភាគហ៊ុនរបស់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ។

ការណ៍នេះនឹងបង្កើនលំហូរសាច់ប្រាក់ងាយស្រួល និងទំហំប្រាក់ចំណូលរបស់អ្នកអភិវឌ្ឍន៍ នៅពេលភាគហ៊ុនរបស់ពួកគេស្ទុះងើបឡើងថ្លៃ។

ទោះជាយ៉ាងណាក្តី ការស្ទុះងើបឡើងវិញនៃទីផ្សារលំនៅដ្ឋានក្នុងប្រទេសចិននៅតែមានសភាពផុយស្រួយ ដោយសារតម្លៃផ្ទះថ្មីកាលពីខែកុម្ភៈបានធ្លាក់ចុះយ៉ាងគំហុកជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេល៦ខែ។នេះបើយោងតាមសារព័ត៌មាន Bloomberg។

ក្រុមអ្នកវិភាគនៅក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុ CGS International បានអះអាងថា ការបន្តការគាំទ្រពីរដ្ឋាភិបាលចិននឹងក្លាយជាគន្លឹះមួយដើម្បីទ្រទ្រង់ការងើបឡើងវិញនេះឱ្យមាននិរន្តរភាព។

បច្ចុប្បន្ន បណ្តាទីក្រុងជាច្រើននៅប្រទេសចិន រួមមានទាំងទីក្រុងសុិនជិន (Shenzhen) និងទីក្រុងឆាងសា (Changsha) កំពុងបន្ធូរបន្ថយគោលនយោបាយនានាដើម្បីជំរុញឱ្យទីផ្សារអចលនទ្រព្យនៅតាមមូលដ្ឋានរបស់ខ្លួនកម្រើកឡើងវិញ។

កាលពីឆ្នាំមុន ទំហំប្រាក់ចំណូលសរុបបូកបញ្ចូលគ្នារបស់បណ្តាក្រុមហ៊ុនអចលនទ្រព្យចិនកំពូលទាំង៥ រួមមានក្រុមហ៊ុន Vanke ក្រុមហ៊ុន China Overseas Land &Investment ក្រុមហ៊ុន China Resources Land ក្រុមហ៊ុន Longfor Group Holdings និងក្រុមហ៊ុន Greentown China Holdings បានដាំក្បាលចុះ៩៣ភាគរយធៀបនឹងឆ្នាំ២០២៣៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here