តម្លៃការិយាល័យនៅតំបន់កណ្តាលទីក្រុងសិង្ហបុរីកើនឡើងក្នុងអត្រាទាបបំផុតចំនួន៤ត្រីមាសជាប់គ្នា

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានបញ្ជាក់ឱ្យដឹងថា ទីផ្សារអចលនទ្រព្យការិយាល័យនៅក្នុងប្រទេសសិង្ហបុរីបានស្ថិតក្នុងសភាពទ្រឹងនៅដើមឆ្នាំ២០២៥ ខណៈតម្លៃជួលការិយាល័យបានកើនឡើងតិចតួចបំផុត។

តួយ៉ាង តម្លៃជួលការិយាល័យកម្រិត A នៅតំបន់ពាណិជ្ជកម្មកណ្តាល (CBD) របស់ទីក្រុងសិង្ហបុរីបានកើនឡើងក្នុងអត្រាត្រឹមតែ០,៥ភាគរយដល់ចំនួន១១,៦ដុល្លារសិង្ហបុរីក្នុងមួយហ្វីតការ៉េ(ប្រហែល៩៣,១១ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ)នៅត្រីមាសទី១ ឆ្នាំ២០២៥ ធៀបនឹងត្រីមាសទី៤ ឆ្នាំមុន។

កាលពីត្រីមាសទី៤ ឆ្នាំមុន តម្លៃជួលការិយាល័យកម្រិត A នៅក្នុងតំបន់ CBD បានកើនឡើង០,៤ភាគរយ ខណៈតម្លៃជួលក្នុងត្រីមាសទី៣បានស្ថិតនៅទ្រឹង បន្ទាប់ពីបានកើនឡើង០,៧ភាគរយនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤។ នេះមានន័យថា តម្លៃជួលបានកើនឡើងក្នុងអត្រាទាបបំផុតក្នុងរយៈពេល៤ត្រីមាសជាប់ៗគ្នា។

ដោយឡែក បើយោងតាមរបាយការណ៍ពីក្រុមហ៊ុន Knight Frank បានបង្ហាញថា តម្លៃជួលការិយាល័យកម្រិត A នៅតំបន់អគារខ្ពស់ៗកប់ពពកចំនួន២ ដូចជាតំបន់ Raffles Place និងតំបន់ Marina Bay បានស្ថិតនៅទ្រឹងត្រឹម១១,៣៦ដុល្លារសិង្ហបុរីក្នុងមួយហ្វីតការ៉េ (ប្រហែល៩១,១៧ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ)ក្នុងត្រីមាសទី១ ឆ្នាំនេះ ធៀបនឹងត្រីមាសទី៤ ឆ្នាំមុន។

ស្របពេលជាមួយគ្នានេះ អត្រាគ្របដណ្តប់ការជួលការិយាល័យនៅតំបន់ CBD បានធ្លាក់ចុះក្នុងកម្រិតតិចតួចពីចំនួន៩៣,៧ភាគរយ ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៤ មកនៅត្រឹមចំនួន៩៣,៥ភាគរយនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥។នេះបើយោងតាមក្រុមហ៊ុន Knight Frank។

លោក Calvin Yeo អ្នកជំនាញអចលនទ្រព្យនៅក្រុមហ៊ុន Knight Frank Singapore បានអះអាងថា ស្របពេលមានភាពមិនប្រាកដប្រជាជាសកល ក្រុមហ៊ុនជាច្រើនបានជ្រើសរើសបន្តកិច្ចសន្យាជួលបន្ទប់ការិយាល័យនៅទីតាំងដដែល។ប៉ុន្តែ ក្រុមហ៊ុនមួយចំនួនផ្សេងទៀតកំពុងស្វែងរកការិយាល័យប្រកបដោយគុណភាពខ្ពស់។

លោក Yeo បានកត់សម្គាល់ថា “ទោះបីជានិន្នាការផ្លាស់ប្តូរទីតាំងការិយាល័យមិនទាន់មានការសម្រុកខ្លាំងយ៉ាងណាក្តី ក៏ប៉ុន្តែបណ្តាក្រុមហ៊ុននានាកំពុងពិចារណាជម្រើសចំនួន២ក្នុងការកាត់បន្ថយការចំណាយ ដូចជាការបង្រួមទំហំបន្ទប់ការិយាល័យ និងការផ្លាស់ទៅកាន់អគារការិយាល័យមានគ្រឿងបរិក្ខាទំនើប”៕ប្រភព: Edgeprop៕

LEAVE A REPLY

Please enter your comment!
Please enter your name here