ដោយៈ និស្ស័យ
កោះកុងៈ លោកសូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់ ចុះពិនិត្យការអនុវត្ត គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨។
ការចុះពិនិត្យនេះ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារគម្រោង ដោយក្នុងនោះបានធ្វើការពិនិត្យឆែកកម្រាស់ និងការបង្ហាប់ស្រទាប់កៅស៊ូ AC (ខួង និងពិសោធន័៍) និងចុះពិនិត្យទីតាំងដំឡើងផ្លាក “អរគុណសន្តិភាព” បន្ទាប់មកលោករដ្ឋលេខាធិការ បានបន្តអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យមើលវឌ្ឍនភាពគម្រោង និងការងារនូវសល់មួយចំនួន។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋលេខាធិការ ក៏បានណែនាំទៅដល់ក្រុមការងារបច្ចេកទេសសាងសង់ទាំងអស់ ពិនិត្យបន្ថែមលើគ្រឿងបរិក្ខារសុវត្ថិភាពចរាចរណ៍ និងប្រព័ន្ធបង្ហូររំដោះទឹកភ្លៀង នៅតាមទីតាំងមួយចំនួនដែលងាយនឹងរងគ្រោះ និងឱ្យបន្តយកចិត្តទុកដាក់ និងខិតខំអនុវត្តការងារសម្រេចឱ្យបាន តាមផែនការដែលបានគ្រោងទុក ប្រកបដោយគុណភាពផងដែរ។
គិតត្រឹមដើមខែមេសា ឆ្នាំ ២០២៥ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨នេះ បានសម្រេចវឌ្ឍនភាពការងាររបស់ខ្លួនប្រមាណ៩៤.៣០% និងគ្រោងបញ្ចប់ការងារសាងសង់ នៅរដូវប្រាំងនេះហើយ៕