ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកឈួន វិន រដ្ឋលេខាធិការ និងជានាយកគ្រប់គ្រងគម្រោងស្ថាបនាផ្លូវតភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដឹកនាំក្រុមការងារចុះពិនិត្យតម្រាយផ្លូវ តភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ។
ដំណើរនៃការចុះពិនិត្យនេះធ្វើឡើង ដើម្បីពិនិត្យមើលតម្រាយខ្សែផ្លូវដែលមានស្រាប់ជាក់ស្ដែង តភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ ទៅផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងទៅស្ពានព្រែកតាមាក់។ ការសិក្សា និងស្ថាបនាគម្រោងខាងលើនេះ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ដែលរស់នៅត្រើយខាងកើតរាជធានីភ្នំពេញ ពង្រីកការតភ្ជាប់ បង្រួមរយៈពេលធ្វើដំណើរ និងបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋ។
លោកផន រឹមអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា គ្រប់ដំណាក់កាលបច្ចេកទេសបានសិក្សាបញ្ចប់ ស្ទើរទាំងស្រុង១០០ភាគរយហើយ ហេតុនេះការប្រកាសសាងសង់ស្ពាននេះ នឹងចាប់ផ្តើមនៅពេលឆាប់ៗខាងមុខនេះ អាស្រ័យលើការសម្រេចរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកបន្តថា “ក្រុមមន្រ្តីបានសិក្សាបញ្ហាបច្ចេកទេសទាក់ទងនឹងប្រព័ន្ឋខ្សែទូរស័ព្ទ បណ្តាញទឹក និងបណ្តាញខ្សែកាបនានាបញ្ចប់ហើយ ហេតុនេះការសាងសង់នឹងមិនចំណាយពេលយូរទៀតទេ”៕