ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានមានប្រសាសន៍ឱ្យដឹងថា ប្រទេសវៀតណាមគ្រោងប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគដ៏សំខាន់មួយនៅតំបន់អាស៊ានក្នុងឆ្នាំ២០៣០ខាងមុខ។
លោក Chinh បានថ្លែងនៅក្នុងកិច្ចសន្ទនាជាមួយបណ្តាក្រុមហ៊ុនសាជីវកម្ម និងសហគ្រាសអឺរ៉ុបធំៗចំនួន១៦ ថា “វៀតណាមគ្រោងកសាង និងធ្វើការអភិវឌ្ឍន៍ប្រទេសរបស់ខ្លួនឱ្យក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគដ៏សំខាន់នៅក្នុងតំបន់អាស៊ានចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០”។

-->
កិច្ចសន្ទនានេះបានធ្វើឡើង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងជំរុញការវិនិយោគ ក្នុងគោលបំណងសម្រេចបាននូវអត្រាកំណើនសេដ្ឋកិច្ចវៀតណាមយ៉ាងតិចចំនួន៨ភាគរយនៅឆ្នាំ២០២៥នេះ ដើម្បីឈានទៅសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចចាប់ពី១០ភាគរយក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
ការវិនិយោគរបស់សហភាពអឺរ៉ុប (EU) នៅក្នុងប្រទេសវៀតណាមនាពេលបច្ចុប្បន្នមានទំហំទឹកប្រាក់លើសពី៣០,៤ពាន់លានដុល្លារអាមេរិក និងជាប់ចំណាត់ថ្នាក់ជាប្រភពវិនិយោគិនបរទេសធំជាងគេទី៦នៅប្រទេសវៀតណាម។
ជាមួយគ្នានេះ ការដោះដូរពាណិជ្ជកម្មទ្វេរភាគីរវាងសហភាពអឺរ៉ុប និងប្រទេសវៀតណាមសម្រេចបានទំហំទឹកប្រាក់ចំនួន៦៨,៥ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vnexpress។
យោងតាមការស្ទង់មតិនាពេលថ្មីៗនេះបានបង្ហាញថា ចំនួន៧៥ភាគរយនៃបណ្តាសហគ្រាសអឺរ៉ុបបានចាត់ទុកប្រទេសវៀតណាមជាមជ្ឈមណ្ឌលវិនិយោគដ៏សំខាន់។ ការណ៍នេះឆ្លុះបញ្ចាំងពីទំនុកចិត្តយ៉ាងខ្លាំងរបស់សហគ្រាសអឺរ៉ុបចំពោះសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសអាស៊ានមួយនេះ៕ប្រភព: Vnexpress៕
