ភ្នំពេញ៖ នៅពេលមានការលើកឡើង ពីភាពមិនច្បាស់លាស់នៃគំរោងសាងសង់អាគារពាណិជ្ជកម្មថៃ ប៊ុនរ៉ុង ស្ថាបត្យករក្នុងគំរោងនេះបានបញ្ជាក់ថា ការសាងសង់អាគារកំពស់ខ្ពស់ជាងគេក្នុងអាស៊ាននេះ នឹងចាប់ផ្តើមសាងសង់នៅពេលឆាប់ៗនេះ។
លោកសាស្ត្រាចារ្យ ទួស សាភឿន ស្ថាបត្យករដែលបានដឹកនាំនិងចូលរួមគូ គម្រោងអាគារដ៏មហិមានេះ បានថ្លែងឲ្យដឹងតាមសារអេឡិកត្រូនិក នាព្រឹកថ្ងៃទី១២ តុលានេះថា ការសាងសង់អាគារកំពស់ ៥៥០ម៉ែត្រនេះ នឹងចាប់ផ្តើមនៅពេលឆាប់ៗខាងមុខនេះ ព្រោះពេលនេះក្រុមវិស្វករ និងស្ថាបត្យករជាតិ អន្តរជាតិល្បីៗកំពុងរៀបចំកែប្លង់គំរោងនេះ ព្រោះគំរោងនេះមានទំហំធំ មិនអាចធ្វើបានលឿននោះទេ ដូច្នេះក្រុមវិស្វករ និងស្ថាបត្យករជាង១០ក្រុមដែលកំពុងធ្វើការលើគំរោងនេះ កំពុងធ្វើការងារលើគម្រោងនេះ។
លោកបន្តថា ខ្ញុំសុំបញ្ជាក់ថាគំរោងនេះមិនផ្អាកការសាងសង់ ឬមិនសាងសង់នោះទេ គឺយើងនៅតែបន្តសាងសង់ គ្រាន់តែពេលនេះការរៀបចំឌីសាញគំរោងនេះកំពុងធ្វើយ៉ាងសកម្ម ដើម្បីបញ្ចប់និងពិនិត្យជាថ្មី មុនសម្រេចកាលបរិច្ចេទសាងសង់ច្បាស់លាស់។
គម្រោងនេះទទួលបានការគាំទ្រពីប្រមុខរដ្ឋាភិបាលផងដែរ ហើយកាលពីសប្តាហ៍មុន សម្តេចតេជោបានលើកឡើងពីភាពស្ងប់ស្ងាត់នៃគំរោងនេះ។
លោកសាស្ត្រាចារ្យ ទួស សាភឿន បានបន្តថា គម្រោងនេះនឹងសាងសង់ដោយចំណាយទឹកប្រាក់ ២១០០លានដុល្លារអាមេរិក និងថវិកា ៣០០០លានដុល្លារទៀតនឹងប្រើប្រាស់សម្រាប់ធ្វើឲ្យអាគារនេះដំណើរការ។ អាគារពាណិជ្ជកម្មនេះ ពេលសាងសង់ចប់ នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មធំជាងគេនៅតំបន់អាស៊ាន ដោយសារគម្រោងនេះមានអាគារចំនួន៦ ដោយបួនអាគារមានកំពស់៤៥ជាន់ និងអាគារចំនួនពីរមានកំពស់ ៥៥០ម៉ែត្រ និង១៣៣ជាន់។
លោកបន្តថា អាគារពាណិជ្ជកម្មដ៏ធំនេះ នឹងមានដូចជា ផ្សារទំនើប ការិយាល័យ ខុនដូ អាផាតម៉ិន សណ្ឋាគារកម្រិតផ្កាយ៦ ភោជនីយដ្ឋាន មជ្ឈមណ្ឌលកំសាន្តលំដាប់ពិភពលោក និងសេវាកម្មជាច្រើនទៀត។
តាមគំរោងអាគារពាណិជ្ជកម្មកប់ពពកនេះនឹងសាងសង់ និងគ្រប់គ្រងដោយក្រុមហ៊ុនសំណង់ Hsin Chong Construction Group Ltd និងសហការវិនិយោគរវាងក្រុមហ៊ុន Thai Boon Rong Group និងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនៅទីក្រុងម៉ាកាវ Sun Kian Ip Group។
លោកបណ្ឌិត វ៉ាន់ វ៉ា តអ្នកឯកទេសផ្នែកនគរូបនីយកម្មបានថ្លែងថា ក្រសួងរៀបចំដែនដី បានសិក្សាជាយូរមកហើយពីបច្ចេកទេស និងកំពស់អាគារដែលត្រូវសាងសង់នៅកន្លែងណាមួយ ពិសេសក្នុងសង្កាត់ចតុមុខ ដែលមានវិមានឯករាជ្យ មានការលើកឡើងពីការហាមមិនឲ្យសាងសង់ខ្ពស់ជាងវិមាន ដែលជានិម្មិតរូបនៃឯករាជ្យជាតិនេះ ប៉ុន្តែជាលទ្ឋផលគឺបច្ចុប្បន្នមានអាគារខ្ពស់ៗនៅជុំវិញទីតាំងនេះ។លោកបន្តថា ធម្មតាប្រទេសរបស់យើងកំពុងត្រូវទាញអ្នកវិនិយោគ ដើម្បីជំរុញកំនើនសេដ្ឋកិច្ចជាតិ ហើយរដ្ឋាភិបាលលើកទឹកចិត្តឲ្យមានការសាងសង់អាគារខ្ពស់បែបនេះ គឺជាការលើកមុខមាត់ប្រទេសជាតិ និងជាមោទនភាពជាតិមួយ ដើម្បីបង្ហាញថាមិនមែនតែប្រទេសរីកចំរើនទើបសង់អាគារខ្ពស់បានទេ កម្ពុជាក៏មានសមត្ថភាពសាងសង់បានខ្ពស់ផងដែរ។
លោកបន្តថា “ការសាងសង់អាគារនេះ វានឹងទាក់ទាញអ្នកវិនិយោគក្នុង និងក្រៅប្រទេស និងបង្ហាញពីបច្ចេកវិទ្យាទំនើបមួយ ដែលខ្មែរអាចធ្វើបាន ប៉ុន្តែអ្វីសំខាន់អ្នកវិនិយោគត្រូវគិតពីគុណភាព សោភ័ណភាព ព្រោះអាគារកាន់តែខ្ពស់ការរៀបចំគ្រឿងបង្គុំកាន់តែល្អកាន់តែប្រសើរ។ លោកបន្តថា “អ្វីសំខាន់គឺសុវត្ថិភាពទាំងពេលសាងសង់ ពេលកំពុងសាងសង់ និងពេលបញ្ចប់ការសាងសង់”៕