ដោយ: គង់ លាងហួរ
អន្តរជាតិ: ផែនការពន្ធថ្មីរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចបង្កផលប៉ះពាល់ដល់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជាក្រុមហ៊ុន Apple ក្រុមហ៊ុន Amazon និងក្រុមហ៊ុន Nvidia ដែលពឹងផ្អែកខ្លាំងលើការផលិតនៅប្រទេសចិន និងបណ្តាប្រទេសអាស៊ីផ្សេងទៀត។
សហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោក ត្រាំ គ្រោងដាក់ឱ្យចូលធរមាននូវកាតព្វកិច្ចពន្ធទូទៅ១០ភាគរយលើគ្រប់ប្រទេសទាំងអស់ និងបានប្រកាសដំឡើងពន្ធថ្មីបន្ថែមលើបណ្តាប្រទេសធំៗនៅក្នុងតំបន់អាសុី ដែលផ្គត់ផ្គង់វត្ថុធាតុដើមដល់ក្រុមហ៊ុនសាជីវកម្មអាមេរិក។
ជាក់ស្តែង ប្រទេសចិនត្រូវប្រឈមមុខនឹងការបង់ពន្ធថ្មីចំនួន៣៤ភាគរយ បន្ថែមពីលើពន្ធ២០ភាគរយ ដែលបានចូលជាធរមានរួចហើយ។ ចំណែក កោះតៃវ៉ាន់នឹងត្រូវបង់ពន្ធលើការនាំចូលទំនិញទៅកាន់សហរដ្ឋអាមេរិកចំនួន៣២ភាគរយ លើកលែងតែបន្ទះឈីប។
-->
លោក Daniel Ives អ្នកវិភាគនៅក្រុមហ៊ុនសេវាហិរញ្ញវត្ថុ Wedbush Securities បានអះអាងថា “ច្បាស់ណាស់! វិស័យបច្ចេកវិទ្យានឹងស្ថិតក្រោមសម្ពាធដ៏ធ្ងន់ធ្ងរ បណ្តាលមកពីការប្រកាសពន្ធរបស់លោក ត្រាំ ដែលអាចធ្វើឱ្យតម្រូវការធ្លាក់ចុះ និងបង្កការរាំងស្ទះដល់ខ្សែសង្វាក់ផ្គត់ផ្គង់”។
ក្រុមហ៊ុន Apple ផលិតទូរសព្ទ iPhone របស់ខ្លួនភាគច្រើននៅក្នុងប្រទេសចិន។រីឯ ក្រុមហ៊ុនបន្ទះឈីប Nvidia និងក្រុមហ៊ុនបន្ទះឈីបផ្សេងទៀតពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិន និងកោះតៃវ៉ាន់។
ក្រុមហ៊ុន Apple បាននាំចេញទូរសព្ទ iPhone ផលិតនៅចិនប្រមាណ៥០លានគ្រឿងទៅកាន់សហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ។
ទំហំប្រាក់ចំណូលពីការលក់ទូរសព្ទ iPhone ដែលគ្របដណ្តប់ចំណែក៥០ភាគរយនៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន Apple ជាមូលហេតុធ្វើឱ្យទូរសព្ទ iPhone បន្តរក្សាតំណែងជាផលិតផលស្នូលរបស់ក្រុមហ៊ុននេះ៕ប្រភព: Vnexpress៕
