ទីផ្សារខុនដូនៅទីក្រុងសិង្ហបុរីនៅតែបន្តមានភាពរឹងមាំ ទោះស្ថិតក្នុងកាលៈទេសៈលំបាកផ្នែកសេដ្ឋកិច្ច

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទោះបីជាមានភាពមិនច្បាស់លាស់កើតចេញពីការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយនៅលើពិភពលោកយ៉ាងណាក្តី ក៏ទីផ្សារអចលនទ្រព្យខុនដូក្នុងទីក្រុងសិង្ហបុរីនៅតែបន្តមានភាពរីកចម្រើនទៅមុខជាលំដាប់។

ស្របពេលដែលកំណើនសេដ្ឋកិច្ចសិង្ហបុរីប្រឈមមុខនឹងការធ្លាក់ចុះ ដោយសារសង្គ្រាមពាណិជ្ជកម្មសកល តម្រូវការអគារខុនដូថ្មីកំពុងបង្ហាញពីភាពរឹងមាំ ខណៈការលក់ខុនដូបានសម្រេចទំហំលើសពីការរំពឹងទុកចាប់តាំងពីខែតុលា ឆ្នាំមុន។

គម្រោងអគារខុនដូល្បីៗជាច្រើនបានប្រកាសបើកដំណើរការលក់ក្នុងរយៈពេល៣ខែចុងក្រោយនេះ។ការណ៍នេះបានបង្ហាញពីភាពធន់នៃទីផ្សារ។

តួយ៉ាង ចំណែក៧៦ភាគរយនៃចំនួនយូនីតខុនដូសរុបរបស់គម្រោងអគារខុនដូ Chuan Park បានលក់ចេញដាច់ក្នុងតម្លៃជាមធ្យមចំនួន២.៥៧៩ដុល្លារសិង្ហបុរីក្នុងមួយហ្វីតការ៉េ។គម្រោងនេះត្រូវបានបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Kingsford Group និងក្រុមហ៊ុន MCC Singapore។

ជាមួយគ្នានេះ ចំណែកជិត៩៩ភាគរយនៃចំនួនយូនីតខុនដូសរុបនៅក្នុងគម្រោងអគារ Emerald of Katong របស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sim Lian Group បានលក់ចេញដាច់ក្នុងតម្លៃជាមធ្យមចំនួន២.៦២១ដុល្លារសិង្ហបុរីក្នុងមួយហ្វីតការ៉េ។

គម្រោងអគារ Parktown Residence បានលក់ដាច់ខុនដូចំនួនជាង១.០០០យូនីតក្នុងអំឡុងពេលនៃការបើកដំណើរការលក់កាលពីចុងសប្តាហ៍មុន។គម្រោងអគារខុនដូនេះត្រូវបានអភិវឌ្ឍន៍រួមគ្នាដោយក្រុមហ៊ុន UOL Group Limited ក្រុមហ៊ុន CapitaLand និងក្រុមហ៊ុន Singapore Land Group។

តួលេខទាំងអស់ខាងលើនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីទំនុកចិត្តជាថ្មីរបស់អ្នកទិញ ដែលជំរុញដោយការប្រែប្រួលនៃកត្តាប្រជាសាស្រ្តរបស់អ្នកទិញ និងភាពទាក់ទាញនៃគម្រោងអគារខុនដូ ដែលទើបនឹងបើកដំណើរការថ្មី៕ប្រភព: The Business Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here