ម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗងាកទៅទិញផ្ទះតម្លៃរាប់លានដុល្លារនៅក្នុងទីក្រុងវ៉ាសុីនតោន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: កំពូលមហាសេដ្ឋី និងជានាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានទិញវិមានតម្លៃ២៣លានដុល្លារនៅទីក្រុងវ៉ាសុីនតោន ដោយចំណាយពេលវេលាបើកបរ១៥នាទីពីសេតវិមាន។

នាពេលបច្ចុប្បន្ន បណ្តានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗកំពុងទិញផ្ទះនៅក្នុងរដ្ឋធានីវ៉ាសុីនតោន បន្ទាប់ពីលោក ដូណាល់ ត្រាំ បានវិលចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅអាណត្តិទី២។

វិមានដ៏ធំស្កឹមស្កៃដែលលោក Mark Zuckerberg បានទិញនេះ ក៏មានទីតាំងនៅជិតលំនៅដ្ឋានរបស់អនុប្រធានាធិបតីអាមេរិក លោក JD Vance នៅតំបន់ Naval Observatory ផងដែរ។

កាសែត Politico បានរាយការណ៍ថា វិមាននោះត្រូវបានលោក Mark Zuckerberg ទិញយកកាលពីខែមីនា ដោយទូទាត់ជាសាច់ប្រាក់សុទ្ធ។នេះជាការទិញផ្ទះ ដែលមានតម្លៃថ្លៃបំផុតទី៣នៅក្នុងប្រវត្តិសាស្រ្តនៃទីក្រុងវ៉ាស៊ីនតោន។

អ្នកនាំពាក្យក្រុមហ៊ុន Meta បានចេញមកបញ្ជាក់ថា “លោក Mark និងលោកស្រី Priscilla Chan ដែលជាភរិយាបានទិញផ្ទះនៅទីក្រុងវ៉ាសុីនតោន ដែលនឹងអនុញ្ញាតឱ្យលោក Mark អាចចំណាយពេលវេលាច្រើននៅទីនោះ”។

វិមានរបស់លោក Mark មានទំហំ១៤.០០០ហ្វីតការ៉េ ដែលរចនាឡើងដោយស្ថាបត្យករក្នុងស្រុកដ៏ល្បីល្បាញលោក Robert M. Gurney។

វិមាននេះសាងសង់ឡើងនៅលើផ្ទៃដីរបស់ទីតាំងផ្ទះចាស់តម្លៃ៥,១៥លានដុល្លារ ដែលត្រូវបានវាយកម្ទេចចោលក្នុងឆ្នាំ២០១៣ ដើម្បីស្ថាបនាវិមាននេះឡើង។ លំនៅដ្ឋានថ្មីនេះមានបន្ទប់គេងចំនួន៥ បន្ទប់ទឹកចំនួន៧ ផ្ទះបាយចំនួន២ និងជើងក្រានកម្ដៅផ្ទះចំនួន៣។

ការសម្រេចចិត្តរបស់លោក Zuckerberg កើតមានឡើង ស្របពេលដែលបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនបានងាកមកទិញផ្ទះនៅក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីជះឥទ្ធិពលលើរដ្ឋបាលលោក ដូណាល់ ត្រាំ។

តួយ៉ាង លោក David Sacks ទីប្រឹក្សារូបិយបណ្ណគ្រីបតូរបស់លោក ត្រាំ បានទិញផ្ទះតម្លៃ១០,៣លានដុល្លារក្នុងទីក្រុងវ៉ាស៊ីនតោនក្នុងខែមករា។

ជាមួយគ្នានេះ ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានទិញផ្ទះតម្លៃ២៣លានដុល្លារក្នុងទីក្រុងវ៉ាស៊ីនតោនចាប់តាំងពីឆ្នាំ២០១៦ ខណៈដែលសហស្ថាបនិកក្រុមហ៊ុន PayPal លោក Peter Thiel បានទិញផ្ទះតម្លៃ១៣លានដុល្លារនៅឆ្នាំ២០២១។

ចំណែក អតីតនាយកប្រតិបត្តិក្រុមហ៊ុន Google លោក Eric Schmidt បានទិញផ្ទះតម្លៃ១៥លានដុល្លារក្នុងទីក្រុងវ៉ាស៊ីនតោនក្នុងឆ្នាំ២០២៤៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here