ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនគ្រប់គ្រងមូលនិធិធំៗនៅលើពិភពលោកនឹងមានទំនុកចិត្តឡើងវិញលើមូលបត្របំណុលរបស់ប្រទេសចិន និងបណ្តាប្រទេសអាសុីផ្សេងទៀត លុះត្រាតែវិស័យអចលនរបស់ប្រទេសចិនមានស្ថិរភាព បន្ទាប់ពីឆ្លងកាត់វិបត្តិបំណុលរយៈពេល២ឆ្នាំកន្លងមក។
បណ្តាវិនិយោគិននានានៅតែបន្តទទួលរងការខាតបង់ ដោយសារវិបត្តិសាច់ប្រាក់របស់បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យចិន ដែលបាននាំឱ្យមានការខកខានទូទាត់សងមូលបត្របំណុលសរុបចំនួន២០០ពាន់លានដុល្លារ ក្រោយពីទីក្រុងប៉េកាំងបានប្រកាសគោលនយោបាយ“បន្ទាត់ក្រហម៣”នៅក្នុងខែសីហា ឆ្នាំ២០២០។
ការដួលរលំនៃក្រុមហ៊ុន China Evergrande ក្នុងឆ្នាំ២០២៤ ដោយសារការខកខានទូទាត់សងមូលបត្របំណុលចំនួន២០ពាន់លានដុល្លារអាមេរិក ជានិមិត្តរូបនៃវិបត្តិបំណុល ដែលក្រុមហ៊ុនអចលនទ្រព្យចិនជាច្រើនផ្សេងទៀតជួបប្រទះ បណ្តាលមកពីការខ្ចីប្រាក់ក្នុងចំនួនដ៏ច្រើនហួសហេតុ។
-->

លោក Christian Stracke ប្រធានផ្នែកស្រាវជ្រាវឥណទាននៃក្រុមហ៊ុនគ្រប់គ្រងមូលនិធិ Pimco ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានអះអាងថា “យើងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវិស័យអចលនទ្រព្យ ព្រោះវាជាសូចនាករឈានមុខគេនៃស្ថានភាពទីផ្សារឥណទានរបស់ប្រទេសចិន”។
លោកបានមានប្រសាសន៍ឱ្យដឹងបន្តទៀតថា បណ្តាអ្នកវិនិយោគអន្តរជាតិនឹងមិនចាប់អារម្មណ៍ ឬបោះទុនលើទីផ្សារឥណទានរបស់ប្រទេសចិនតាមរយៈការទិញមូលបត្របំណុលនោះទេ រហូតទាល់តែមានស្ថិរភាពនៅក្នុងទីផ្សារអចលនទ្រព្យចិន។នេះបើយោងតាមការចុះផ្សាយដោយកាសែត South China Morning Post។
ក្នុងរយៈពេល២ទស្សវត្សរ៍ចុងក្រោយនេះ បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសចិន ជាអ្នកបោះផ្សាយលកបំណុលច្រើនជាងគេបំផុតនៅតំបន់អាស៊ី ដោយផ្តល់អត្រាផលចំណេញយ៉ាងខ្ពស់ដើម្បីទាក់ទាញបណ្តាក្រុមហ៊ុនគ្រប់គ្រងមូលនិធិសកលឱ្យទិញមូលបត្របំណុលរបស់ខ្លួន៕ប្រភព: SCMP៕
