ការសិក្សាថ្មីបង្ហាញឲ្យឃើញពីភាពប្រែប្រួលដូចម្តេចលើទីផ្សារខុនដូ និងលំនៅដ្ឋានបុរីនៅកម្ពុជានៅដើមឆ្នាំនេះ?

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមហ៊ុនCBRE Cambodia បានបង្ហាញលទ្ឋផលនៃការសិក្សាលើទីផ្សារខុនដូ និងបុរីនៅកម្ពុជា បានរកឃើញនូវចំណុចវិវត្តន៍សំខាន់ៗមួយចំនួន។

ការសិក្សាប្រចាំត្រីមាសទី១ឆ្នាំ២០២៥នេះ បានបង្ហាញថា ទីផ្សារខុនដូនៅរាជធានីភ្នំពេញ ទទួលបានការផ្គត់ផ្គង់ខុនដូថ្មីចំនួន១.១០០យូនីត ក្នុងត្រីមាសទី១ ខណៈខុនដូប្រណីត មានតម្លៃជាមធ្យមចំនួន២៦៤៨ដុល្លារក្នុងមួយម៉ែត្រការ៉េ។

អគារខុនដូ ដែលបានបញ្ចប់ការសាងសង់រួចរាល់ទាំងស្រុង នៅក្នុងត្រីមាសទី១ រួមមាន អគារខុនដូតម្លៃមធ្យម La Vista One។រីឯ គម្រោងអគារខុនដូ ដែលប្រកាសត្រៀមសាងសង់ រួមមានអគារខុនដូតម្លៃមធ្យម L Tower 3 និងអគារខុនដូតម្លៃសមរម្យ Piphub Thmey Condo ក្នុងខណ្ឌសែនសុខ។

ដោយឡែក ទីផ្សារលំនៅដ្ឋានជាប់ដី(Landed-housing) ឬបុរី ទទួលបានការផ្គត់ផ្គង់លំនៅដ្ឋានថ្មីចំនួន១.៤០០យូនីត ខណៈផ្ទះអាជីវកម្ម មានតម្លៃជាមធ្យមចំនួន១.០៨៣ដុល្លារក្នុងមួយម៉ែត្រការ៉េ។

គម្រោងបុរី ដែលបានបញ្ចប់ការសាងសង់រួចរាល់ កាលពីត្រីមាសទី១ រួមមានបុរី ML Tiera និងបុរី Morgan Park Villa។រីឯ គម្រោងបុរី ដែលប្រកាសត្រៀមសាងសង់ រួមមានបុរី ML Scenery បុរី Chip Mong Grand Landmark 271 និងបុរីប៉េងហួតភូមិមរកត។

ក្រុមហ៊ុន CBRE Cambodia បានចង្អុលបង្ហាញថា ទីផ្សារលំនៅដ្ឋានកម្ពុជាបន្តជួបប្រទះ អតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការ ខណៈប្រជាជនកម្ពុជា ត្រូវការលំនៅដ្ឋានតម្លៃសមរម្យ ជាជាងលំនៅដ្ឋានតម្លៃខ្ពស់កប់បពកនៅក្នុងទីផ្សារនាពេលបច្ចុប្បន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here