គម្រោងសាងសង់ទីក្រុងអនាគតធំៗរបស់អារ៉ាប៊ីសាអូឌីតប្រឈមសម្ពាធហិរញ្ញវត្ថុ ខណៈតម្លៃប្រេងឆៅធ្លាក់ចុះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Financial Times បានចុះផ្សាយថា ការធ្លាក់ចុះនៃតម្លៃប្រេងឆៅកំពុងដាក់បន្ថែមសម្ពាធផ្នែកហិរញ្ញវត្ថុទៅលើគម្រោងវិនិយោគធំៗរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតក្រោមចក្ខុវិស័យប្រកបដោយមហិច្ឆិតាឆ្នាំ២០៣០។

ក្រុមសេដ្ឋវិទូបានអះអាងឱ្យដឹងថា រាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតអាចនឹងត្រូវរៀបចំផែនការថ្មីដើម្បីកាត់បន្ថយការចំណាយថវិកាជាតិប្រចាំឆ្នាំ២០២៥ ឱ្យបានលើសពីអត្រា៣,៧ភាគរយ ដែលកំណត់ក្រោមផែនការដំបូង ព្រោះតម្លៃប្រេងឆៅបានបន្តធ្លាក់ចុះមកនៅត្រឹមជាង៦០ដុល្លារប៉ុណ្ណោះក្នុងមួយបារ៉ែល។

តម្លៃនេះទាបជាងកម្រិត ដែលអាចជួយរក្សាតុល្យភាពថវិកាជាតិរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសពឹងផ្អែកខ្លាំងលើប្រាក់ចំណូលពីការលក់ប្រេងឆៅទៅកាន់ទីផ្សារពិភពលោក។

ផែនការកាត់បន្ថយការចំណាយថវិកាជាតិកើតឡើង ស្របពេលដែលអារ៉ាប៊ីសាអូឌីតបន្តជម្នះសាងសង់គម្រោងតម្លៃរាប់រយពាន់លានដុល្លារ រួមមានដូចជាគម្រោងទីក្រុង Neom ដែលជាផ្នែកមួយនៃផែនការរបស់អារ៉ាប៊ីសាអូឌីត ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច។

លោកស្រី Monica Malik ប្រធានសេដ្ឋវិទូរបស់ធនាគារ Abu Dhabi Commercial Bank បានលើកឡើងថា “ការបន្តធ្លាក់ចុះយ៉ាងគំហុក និងជានិរន្តរនៃតម្លៃប្រេងឆៅអាចនឹងតម្រូវឱ្យរដ្ឋាភិបាលសម្រេចកាត់បន្ថយការចំណាយកាន់តែធំ ដើម្បីកាត់បន្ថយឱនភាព និងទប់ស្កាត់បំណុលរបស់រដ្ឋាភិបាលមិនឱ្យប៉ោង”។

គម្រោងខ្នាតយក្សមួយចំនួនក្រោមផែនការចក្ខុវិស័យឆ្នាំ២០៣០ ដែលបានកំណត់ដាក់ចេញក្នុងឆ្នាំ២០១៦ ដូចជារមណីយដ្ឋាននៅសមុទ្រក្រហម បានចាប់ផ្តើមដាក់ឱ្យដំណើរការហើយ។

ប៉ុន្តែ គម្រោងធំៗជាច្រើនទៀត ដែលកំពុងស្ថិតក្រោមការដ្ឋានសាងសង់ ដូចជាគម្រោងអភិវឌ្ឍន៍ទីក្រុងវាលខ្សាច់នាពេលអនាគត Neom បានប្រឈមមុខនឹងការកាត់បន្ថយទំហំ និងការពន្យារពេលសាងសង់។

គម្រោងទាំងនេះទទួលបានទុនវិនិយោគពីមូលនិធិវិនិយោគសាធារណៈ(PIF)របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលពឹងផ្អែកលើប្រភពប្រាក់ចំណូលពីការលក់ប្រេងឆៅដើម្បីចាក់បញ្ចូលទៅក្នុងមូលនិធិ៕ប្រភព: Financial Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here