ក្រុមហ៊ុនអាមេរិក Havenly Brands ពន្លឿនការបញ្ជាទិញគ្រឿងសង្ហារិមពីកម្ពុជា និងវៀតណាម

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនអាមេរិកជាច្រើនបានសម្រុកធ្វើការបញ្ជាទិញទំនិញពីបរទេសដើម្បីពន្លឿនការនាំចូល បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចពន្យារពេលចំនួន៩០ថ្ងៃលើការដំឡើងពន្ធខ្ពស់ចំពោះទំនិញនាំចូលមកពីជុំវិញពិភពលោក លើកលែងតែទំនិញមកពីប្រទេសចិន។

លោកស្រី Lee Mayer នាយិកាប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុនរចនាតុបតែងគ្រឿងសង្ហារិមនៅក្នុងផ្ទះ Havenly Brands ដែលមានមូលដ្ឋាននៅទីក្រុង Denver បានអះអាងថា “ក្រុមហ៊ុនរបស់លោកស្រីកំពុងបញ្ជាទិញគ្រឿងសង្ហារិមពីរោងចក្រនៅប្រទេសកម្ពុជា និងប្រទេសវៀតណាម”។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុនអាមេរិក Havenly Brands បាននាំចូលគ្រឿងសង្ហារិមកាន់តែច្រើនមកពីប្រទេសវៀតណាម និងកម្ពុជា ខណៈក្រុមហ៊ុននេះកំពុងកាត់បន្ថយការពឹងផ្អែកលើការនាំចូលគ្រឿងសង្ហារិមមកពីប្រទេសចិន។

ជាមួយគ្នានេះ ក្រុមហ៊ុន Amazon ត្រូវបានគេរាយការណ៍ថា បានលុបចោលការបញ្ជាទិញផលិតផលមួយចំនួនមកពីប្រទេសចិន។ បណ្តាក្រុមហ៊ុនលក់រាយ ដូចជាក្រុមហ៊ុន Walmart និងក្រុមហ៊ុន Target បានព្យាករណ៍ថា ការបញ្ជាទិញទំនិញរបស់ពួកគេនឹងធ្លាក់ចុះយ៉ាងគំហុកនៅក្នុងឆមាសទី២ ឆ្នាំ២០២៥។

លោកស្រី Lee Mayer បានលើកឡើងបន្តទៀតថា “នេះជាស្ថានភាពដ៏លំបាកមួយនៅក្នុងការធ្វើប្រតិបត្តិការ ពីព្រោះយើងមិនអាចដឹងច្បាស់អំពីអ្វី ដែលនឹងកើតឡើង ឬមិនកើតឡើងនាពេលអនាគតនោះទេ”។

បណ្តាក្រុមហ៊ុនលក់រាយដូចជា ក្រុមហ៊ុន Nike និងក្រុមហ៊ុន Best Buy អាចប្រឈមមុខនឹងផលវិបាកខ្លាំងជាងគេពីសង្រ្គាមពាណិជ្ជកម្មរបស់លោក ត្រាំ ដោយសារក្រុមហ៊ុនទាំងនេះពឹងផ្អែកលើមជ្ឈមណ្ឌលផលិតកម្មសំខាន់ៗរួមមានប្រទេសចិន វៀតណាម និងឥណ្ឌូនេស៊ី។

លោកស្រីបានបន្ថែមថា “ប្រសិនបើការអនុវត្តន៍ពន្ធត្រូវបានពន្យារពេលត្រឹមតែ៩០ថ្ងៃ នោះយើងត្រូវពន្លឿនការបញ្ជាទិញទំនិញចូលមកកាន់សហរដ្ឋអាមេរិក មុនពេលការពន្យារពេលផុតកាលកំណត់។ ប៉ុន្តែ ការនាំចូលរបស់យើងមកពីចិននៅតែបន្តផ្អាកទាំងស្រុង”៕ប្រភព: US News & World Report៕

LEAVE A REPLY

Please enter your comment!
Please enter your name here