ដោយ: គង់ លាងហួរ
អន្តរជាតិ: អ្នកជំនាញមួយរូបបានលើកឡើងថា និន្នាការសំខាន់ៗមួយចំនួនកំពុងលេចចេញឡើងក្នុងទីផ្សារការិយាល័យរបស់ប្រទេសហ្វីលីពីន ដោយបង្ហាញទាំងបញ្ហាប្រឈម និងឱកាសសម្រាប់អ្នកជួល និងម្ចាស់អគារ។
ក្រៅពីទីផ្សារនៅរដ្ឋធានីម៉ានីល ទីផ្សារការិយាល័យនៅទីក្រុងផ្សេងៗទៀត ដូចជាទីក្រុង Cebu និងទីក្រុង Pampanga នៅតែមានតម្រូវការជួលប្រកបទៅដោយចីរភាព ជាពិសេសការជួលដោយបណ្តាក្រុមហ៊ុនបច្ចេកវិទ្យា។
ចំណែក ទីផ្សារការិយាល័យដែលកំពុងរីកចម្រើនដូចជានៅទីក្រុង Davao សម្រេចបានការកើនឡើងនៃតម្រូវការ។និន្នាការទាំងនេះមានសភាពខុសផ្ទុយពីទីផ្សារនៅរដ្ឋធានីម៉ានីល ដែលជួបប្រទះអត្រាការិយាល័យទំនេរដ៏ខ្ពស់។
-->
ដើម្បីទាញយកប្រយោជន៍ពីនិន្នាការនេះ អ្នកអភិវឌ្ឍន៍ត្រូវបានលើកទឹកចិត្តឱ្យធ្វើពិពិធកម្មការវិនិយោគទៅកាន់ទីក្រុង ដែលមានការផ្គត់ផ្គង់ការិយាល័យនៅមានកម្រិត។
ជាក់ស្តែង បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗ ដូចជា ក្រុមហ៊ុន Robinsons Land និងក្រុមហ៊ុន Megaworld បាននិងកំពុងបោះទុនវិនិយោគលើគម្រោងសំខាន់ៗនៅទីក្រុង Iloilo ទីក្រុង Bacolod និងទីក្រុង Davao ជាដើម។

ទន្ទឹមនឹងនេះ ការសាងសង់អគារការិយាល័យឱ្យមានគុណភាពខ្ពស់ជាកត្តាដ៏មានសារៈសំខាន់ក្នុងការធានាឱ្យមានកំណើនទីផ្សារការិយាល័យប្រកបដោយចីរភាព និងការទាក់ទាញអ្នកជួលរយៈពេលវែង។
ម្យា៉ងវិញទៀត លក្ខខណ្ឌសេដ្ឋកិច្ចសកលអាចជំរុញសន្ទុះទីផ្សារការិយាល័យរបស់ប្រទេសហ្វីលីពីនបន្ថែមទៀត។គោលនយោបាយពន្ធគយរបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យបណ្តាក្រុមហ៊ុនអាមេរិកមួយចំនួនបង្ខំចិត្តផ្លាស់ប្តូរមូលដ្ឋានផលិតកម្មទៅក្រៅប្រទេស។
និន្នាការនេះអាចជំរុញឱ្យមានការកើនឡើងនៃតម្រូវការជួលការិយាល័យនៅក្នុងប្រទេសហ្វីលីពីន ខណៈក្រុមហ៊ុននានាកំពុងស្វែងរកទីតាំងផលិតកម្ម ដែលចំណាយថ្លៃដើមទាប ហើយហ្វីលីពីនជាគោលដៅដ៏ទាក់ទាញមួយសម្រាប់ក្រុមហ៊ុនអាមេរិក៕ប្រភព: Business World៕
