ប្រជាជនឥណ្ឌូនេស៊ីលំដាប់អ្នកមានកំពុងសម្រុករក្សាទុកទ្រព្យសម្បត្តិនៅក្រៅប្រទេស

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រជាជនឥណ្ឌូនេស៊ីលំដាប់អ្នកមានកំពុងសម្រុករក្សាទុកប្រាក់រាប់រយលានដុល្លារអាមេរិកនៅក្រៅប្រទេស ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើគោលនយោបាយរបស់ប្រធានាធិបតីលោក Prabowo Subianto និងស្ថិរភាពសេដ្ឋកិច្ច។

ការទិញមាស រូបិយបណ្ណគ្រីបតូ និងអចលនទ្រព្យក្លាយជាជម្រើសដ៏ពេញនិយមរបស់ប្រជាជនឥណ្ឌូនេស៊ីលំដាប់អ្នកមាន។ ការទិញទ្រព្យសកម្មទាំងអស់នេះជាមធ្យោបាយដើម្បីរក្សាទុកទ្រព្យសម្បត្តិ។

បុគ្គលិកធនាគារឯកជនមួយរូបបានទម្លាយប្រាប់កាសែត Bloomberg ថា “អតិថិជនក្នុងស្រុកមួយចំនួនដែលមានទ្រព្យសម្បត្តិចន្លោះពី១០០លានដុល្លារអាមេរិកទៅ៤០០លានដុល្លារបានបំប្លែងទ្រព្យសកម្មចំនួន១០ភាគរយនៃទំហំទ្រព្យសកម្មសរុបរបស់ពួកគេទៅជាគ្រីបតូ។

ប្រភពដដែលបានគូសបញ្ជាក់ទៀតថា “ការផ្លាស់ប្តូរនេះបានចាប់ផ្តើមកើតមានឡើងនៅក្នុងខែតុលា ឆ្នាំ២០២៤ នៅពេលដែលលោក Prabowo ឡើងមកកាន់អំណាច។ ប៉ុន្តែ ការផ្លាស់ប្តូរត្រូវបានពន្លឿនយ៉ាងឆាប់រហ័ស បន្ទាប់ពីប្រាក់រូពៀបានដាំក្បាលចុះក្នុងខែមីនា ឆ្នាំនេះ”។

ការប្រកាសផែនការចំណាយថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់របស់រដ្ឋបាលលោក Prabowo បានបង្កការព្រួយបារម្ភដល់វិនិយោគិន ព្រោះផែនការនេះអាចបំពានវិន័យសារពើពន្ធ ដែលរដ្ឋាភិបាលឥណ្ឌូនេសុីក្នុងរយៈពេលប៉ុន្មានអាណត្តិកន្លងមកបានកំណត់។ ការណ៍នេះជះផលប៉ះពាល់ដល់ទាំងរូបិយបណ្ណ និងទីផ្សារភាគហ៊ុនរបស់ឥណ្ឌូនេសុី។

លោក Chan អតីតថ្នាក់់ដឹកនាំប្រតិបត្តិជាន់ខ្ពស់នៅក្រុមហ៊ុនធំមួយរបស់ឥណ្ឌូនេស៊ី ដែលបានស្នើសុំមិនប្រើឈ្មោះពេញបានអះអាងថា “ខ្ញុំបានបង្កើនការទិញគ្រីបតូប្រភេទ USDT ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ការណ៍នេះអនុញ្ញាតឱ្យខ្ញុំអាចរក្សាតម្លៃទ្រព្យសកម្មរបស់ខ្ញុំ ហើយខ្ញុំនឹងបញ្ជូនទ្រព្យសកម្មឌីជីថលនេះទៅក្រៅប្រទេស ប្រសិនបើចាំបាច់ ដោយមិនចាំបាច់ស្ពាយប្រាក់ឆ្លងដែនឡើយ”។

លោកបន្តទៀតថា “ទស្សនវិស័យនៃសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី និងហានិភ័យចំពោះស្ថិរភាពនយោបាយក្នុងស្រុកពិតជាបានធ្វើឱ្យខ្ញុំមានការព្រួយបារម្ភជាខ្លាំង”៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here