ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទិន្នន័យបានបង្ហាញឱ្យដឹងថា តម្លៃផ្ទះថ្មីនៅប្រទេសចិនបានធ្លាក់ចុះក្នុងរយៈពេល២២ខែជាប់ៗគ្នាគិតត្រឹមខែមីនា ឆ្នាំ២០២៥។ប៉ុន្តែ អត្រានៃការធ្លាក់ចុះនេះបានបន្តរួមតូច ដោយសារការដាក់ចេញវិធានការគាំទ្ររបស់រដ្ឋាភិបាលចិន។
តម្លៃផ្ទះថ្មីនៅតាមទីក្រុងចំនួន៧០ របស់ប្រទេសចិន បានធ្លាក់ចុះក្នុងរង្វង់ជាមធ្យម០,១ភាគរយកាលពីខែមីនា បើធៀបនឹងខែកុម្ភៈ។ នេះបើយោងតាមទិន្នន័យ ដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិចិន (NBS)។
ប៉ុន្តែ បើធៀបនឹងខែមីនា ឆ្នាំ២០២៤ តម្លៃផ្ទះថ្មីនៅប្រទេសចិនបានធ្លាក់ចុះ៥ភាគរយនៅខែមីនា ឆ្នាំ២០២៥។ នេះជាសញ្ញាល្អប្រសើរឡើង បន្ទាប់ពីតម្លៃផ្ទះថ្មីបានធ្លាក់ចុះ៥,២ភាគរយនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ធៀបនឹងខែកុម្ភៈ ឆ្នាំមុន។
-->

ជាមួយគ្នានេះ តម្លៃផ្ទះប្រភេទទី២ បានធ្លាក់ចុះ០,២ភាគរយក្នុងខែមីនា ឆ្នាំ២០២៥ ដោយរួមតូចពីការធ្លាក់ចុះ០,៣ភាគរយក្នុងខែកុម្ភៈ។ប្រសិនបើប្រៀបធៀបនឹងខែមីនា ឆ្នាំ២០២៤ តម្លៃផ្ទះប្រភេទទី២ នៅខែមីនា ឆ្នាំ២០២៥ បានធ្លាក់ចុះ៧,៣ភាគរយ បើធៀបនឹងការធ្លាក់ចុះ៧,៥ភាគរយកាលពីកុម្ភៈ។
ក្នុងចំណោមទីក្រុងទាំង៧០នោះ គេសង្កេតឃើញមានទីក្រុងចំនួន២៤ ដែលបានប្រកាសពីការកើនឡើងក្នុងអត្រាប្រចាំខែនៃតម្លៃផ្ទះថ្មីសម្រាប់ខែមីនា ខណៈកាលពីខែកុម្ភៈ គេសង្កេតឃើញមានទីក្រុងចំនួន១៨ប៉ុណ្ណោះ បានប្រកាសពីការកើនឡើងនៃតម្លៃផ្ទះថ្មី។ ចំណែក តម្លៃផ្ទះប្រភេទទី២ បានកើនឡើងក្នុងទីក្រុងចំនួន១០។
លោក Yan Yuejin អនុប្រធានវិទ្យាស្ថានស្រាវជ្រាវអចលនទ្រព្យ E-House China ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានឱ្យដឹងថា “កំណើននៃចំនួនទីក្រុង ដែលប្រកាសពីការកើនឡើងនៃតម្លៃផ្ទះបានឆ្លុះបញ្ចាំងពីសភាពប្រសើរឡើងនៃទំនុកចិត្តនៅលើទីផ្សារ”។
លោកបានបន្ថែមថា “បរិយាកាសគោលនយោបាយអំណោយផលសម្រាប់ការទិញផ្ទះ និងសូចនាករតម្លៃផ្ទះវិជ្ជមាននឹងផ្តល់ការគាំទ្រកាន់តែខ្លាំងសម្រាប់ទីផ្សារអចលនទ្រព្យចិននៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥” ៕ប្រភព: SCMP៕
