មហាសេដ្ឋីម៉ាឡេសុីទទួលបានកំណើនទ្រព្យសម្បត្តិកាន់តែខ្ពស់ ខណៈរូបិយបណ្ណក្នុងស្រុកងើបឡើងថ្លៃ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសេចក្តីថ្លែងការណ៍ពីទស្សនាវដ្តី Forbes របស់សហរដ្ឋអាមេរិកបានចុះផ្សាយឱ្យដឹងថា ទ្រព្យសម្បត្តិមហាសេដ្ឋី​ជាច្រើនរូបរបស់ប្រទេសម៉ាឡេស៊ី​បានហក់ឡើង​​ ស្របពេលដែលប្រាក់​រីងហ្គីតស្ទុះងើបឡើងថ្លៃ។

ទំហំទ្រព្យសម្បត្តិសរុបបញ្ចូលគ្នារបស់កំពូលមហាសេដ្ឋីទាំង៥០រូប របស់ម៉ាឡេស៊ីបានកើនឡើងដល់៩០ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ ធៀបនឹងចំនួន៨៣,៤ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយសារការងើបឡើងថ្លៃ៥ភាគរយនៃរូបិយបណ្ណក្នុងស្រុកក្នុងរយៈពេល១២ខែចុងក្រោយនេះ។

លោក Robert Kuok នៅតែជាមហាសេដ្ឋីលំដាប់លេខ១របស់ប្រទេសម៉ាឡេស៊ី ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន១១,៤ពាន់លានដុល្លារអាមេរិក។ លោកដឹកនាំអាជីវកម្មជាច្រើន រួមទាំងកសិឧស្សាហកម្ម និងសណ្ឋាគារស្ថិតក្រោមក្រុមហ៊ុន Kuok Group ។

លោក Quek Leng Chan ស្ថាបនិកក្រុមហ៊ុន Hong Leong Group បន្តជាប់ឈ្មោះជាលំដាប់លេខ២ ខណៈទ្រព្យសម្បត្តិរបស់លោកបានកើនឡើង១ពាន់លានដុល្លារដល់ចំនួន៩,៨ពាន់លានដុល្លារ។ ក្រុមហ៊ុននេះមានផលបត្រអាជីវកម្មជាច្រើន ដូចជាធនាគារ ស៊ីម៉ងត៍ អចលនទ្រព្យ និងអាហារ។

បងប្អូនបង្កើតត្រកូល Teh ដែលជាអ្នកស្នងមរតករបស់លោក Teh Hong Piow ម្ចាស់ធនាគារ Public Bank Bhd បានជាប់ចំណាត់ថ្នាក់លេខ៣ ខណៈទ្រព្យសម្បត្តិរួមរបស់ពួកគេបានកើនឡើង៩ភាគរយដល់ចំនួន៥,៩ពាន់លានដុល្លារអាមេរិក។

ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីម៉ាឡេស៊ីចំនួន៣០រូបនៅក្នុងចំណោមកំពូលមហាសេដ្ឋីម៉ាឡេស៊ីទាំង៥០រូបបានកើនឡើង បើប្រៀបធៀបនឹងឆ្នាំមុន។នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីទស្សនាវដ្តី Forbes ។

លោកមហាសេដ្ឋី Koon Poh Keong នាយកប្រតិបត្តិក្រុមហ៊ុនអាលុយមីញ៉ូម Press Metal និងក្រុមគ្រួសារបានជាប់ចំណាត់ថ្នាក់លេខ៤ ដែលមានទំហំទ្រព្យសម្បត្តិសរុបចំនួន៥,៤ពាន់លានដុល្លារអាមេរិក។

ចំណែក គ្រួសាររបស់លោក Ananda Krishnan ម្ចាស់ក្រុមហ៊ុនយក្ស Usaha Tegas ដែលបោះទុនវិនិយោគលើទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ និងអចលនទ្រព្យ បានឈរនៅលេខរៀងទី៥ ដែលមានទ្រព្យសម្បត្តិចំនួន៥,៣ពាន់លានដុល្លារអាមេរិក៕ប្រភព: The Edge Malaysia៕

LEAVE A REPLY

Please enter your comment!
Please enter your name here