ដោយ គង់ សូរិយា
កោះកុងៈ ការស្ថាបនាបញ្ចប់ផ្លូវជាតិលេខ១០ ដែលជាផ្លូវប្រវត្តិសាស្រ្តតភ្ជាប់តំបន់ភូមិភាគពាយ័ព្យ និងតំបន់ឆ្នេរ នឹងចូលរួមចំណែកលើកកំពស់សេដ្ឋកិច្ច និងទេសចរណ៍ខេត្តកោះកុង ឲ្យកាន់តែរីកចម្រើនមួយកម្រិតទៀត។
ផ្លូវជាតិដ៏សំខាន់នេះ តភ្ជាប់ពីស្រុកសំឡូតខេត្តបាត់ដំបង មកកាន់ខេត្តពោធិសាត់ និងតភ្ជាប់មកកាន់ខេត្តកោះកុង ដែលមានប្រវែងសរុបប្រមាណ១៩៨គីឡូម៉ែត្រ។
-->
ជាមួយនឹងសក្តានុពលធនធានធម្មជាតិ ព្រៃភ្នំ ដងព្រែក ព្រៃកោងកាង និងសហគមន៍ធម្មជាតិប៉ាក់ខ្លង”រាប់រយកន្លែង ខេត្តកោះកុងក៏មានឆ្នេរសមុទ្រដ៏ស្រស់ស្អាតផងដែរ ពិសេសឆ្នេរបាក់ខ្លង ជាឆ្នេរមួយមានភាពស្រស់ស្អាត និងមានខ្យល់អាកាសបរិសុទ្ធ។

ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរផង បានសម្ដែងក្តីសប្បាយរីករាយជាមួយទេសភាពស្រស់ស្អាត លាយឡំជាមួយខ្យល់សមុទ្របោកបក់បះកាយា នាំឱ្យរំសាយទុក្ខកង្វល់ បន្ទាប់ពីបានមកដល់រមណីយដ្ឋានឆ្នេរប៉ាក់ខ្លង ជាប់ជាយដែនកម្ពុជា-ថៃមួយនេះ តាមរយៈផ្លូវជាតិលេខ១០ ផ្លូវក្រវាត់ព្រំដែនខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង និងផ្លូវជាតិលេខ៤៨ ដែលត្រូវបានស្តារកសាងពង្រីកធំថ្មី។
ខេត្តកោះកុង ត្រូវបានចាត់បញ្ចូលក្នុងចង្កោមខេត្តតំបន់ឆ្នេរ ដែលជាប់នាមថា “តារារះនាទិសនិរតី” និងជាខេត្តសម្បូរទៅដោយតំបន់អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ និងទេសចរណ៍តំបន់ឆ្នេរសមុទ្រ ដែលមានសរុបប្រមាណជាង២០កន្លែង។
ជាមួយនឹងការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ផ្លូវជាតិលេខ១០ មិនត្រឹមតែធ្វើសមាហរណកម្មសេដ្ឋកិច្ច ទេសចរណ៍ផ្ទៃក្នុងកម្ពុជានោះទេ តែក៏រួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិពីភូមិភាគពាយ័ព្យដ៏សម្បូរភោគទ្រព្យ ទៅទស្សននានៅខេត្តនេះកាន់តែជិត ដោយមិនចាំបាច់មកកាន់ខេត្តកណ្តាល ឬរាជធានីភ្នំពេញ មុនទៅកាន់ខេត្តកោះកុងដូចពីមុនឡើយ៕

