លោកស្រីតាំង ហួរមានសុទិដ្ឋិនិយមខ្ពស់លើទីផ្សារអចលនទ្រព្យ នៅឆ្នាំ២០២៥នេះ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltdបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ លើទីផ្សារអចលនទ្រព្យនៅឆ្នាំ២០២៥នេះ។

    លោកស្រីបានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា ទីផ្សារអចលនទ្រព្យឆ្នាំ២០២៣ បានធ្លាក់ដល់ចំណុចបាត ប៉ុន្តែវាបានងើបឡើងវិញបណ្តើរៗ នៅពាក់កណ្តាលឆ្នាំ២០២៤ ហេតុនេះស្ថានភាពទីផ្សារកាន់តែមានភាពប្រសើរ។

-->

    លោកស្រីបានបញ្ជាក់ថា “ខ្ញុំជឿជាក់ថា ទីផ្សារអចលនទ្រព្យនឹងមានភាពប្រសើរនៅឆ្នាំនេះ ដោយសារកត្តាជាច្រើន”។

    រាជរដ្ឋាភិបាលក្រោមការដឹកនាំ ដោយសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសលើកលែងពន្ឋប្រថាប់ត្រា ដល់អ្នកទិញអចលនទ្រព្យលើកដំបូង ដែលមានតម្លៃ២១ម៉ឺនដុល្លារចុះ បន្តលើកលែងពន្ឋផ្ទះមានតម្លៃ៧ម៉ឺនដុល្លារចុះ។

    ជាមួយគ្នានេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានជួបប្រជុំជាមួយសមាគមធនាគារ សមាគមអ្នកសាងសង់ សមាគមអ្នអភិវឌ្ឍន៍លំនៅដ្ឋាន ដើម្បីសម្រួលការបញ្ចុះអត្រាការប្រាក់ពី១២ មកត្រឹម៨ភាគរយ និងកំពុងពិភាក្សាលើការពន្យាការផ្តល់ឥណទាន ដែលមានរយៈពេល២៥ ដល់៣០ឆ្នាំ ដើម្បីសម្រួលដល់អ្នកទិញលំនៅដ្ឋាន ដែលមានបញ្ហាវិបត្តិលំហូរសាច់ប្រាក់ផងដែរ។

    សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងក្នុងពេលអញ្ជើញសម្ភោធ បើកការដ្ឋានសាងសង់ទីក្រុងរណបMekong Qauy ដែលមានផ្ទៃដីជាង២០០ហិកតា កាលពីពេលថ្មីៗនេះថា ទីផ្សារអចលនទ្រព្យបានងើបឡើងវិញបណ្តើរៗហើយ៕