ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាអ្នកជំនាញបានព្យាករណ៍ថា ការផ្ទេរខុនដូនៅប្រទេសថៃទៅឱ្យជនជាតិចិននឹងបន្តមានចំនួនតិចជាង៤០ភាគរយនៃការផ្ទេរខុនដូសរុបទៅឱ្យជនបរទេស ចំនួន២ឆ្នាំជាប់ៗគ្នាគិតត្រឹមឆ្នាំ២០២៥នេះ។
បញ្ហាប្រឈមនេះបណ្តាលមកពីលំហូរភ្ញៀវទេសចរណ៍ចិនទៅកាន់ប្រទេសថៃធ្លាក់ចុះ ហើយការរញ្ជួយដីនាពេលថ្មីៗនេះបានរួមចំណែកក្នុងការបំផ្លាញទំនុកចិត្តរបស់អ្នកទិញខុនដូ។
កាលពីឆ្នាំមុន ការផ្ទេរខុនដូនៅក្នុងប្រទេសថៃទៅឱ្យជនជាតិចិនបានគ្របដណ្តប់ចំណែក៣៩ភាគរយ នៃការផ្ទេរខុនដូសរុបទៅឱ្យជនបរទេសចម្រុះជាតិសាសន៍។ ឆ្នាំ២០២៤ ជាឆ្នាំលើកទីមួយក្នុងរយៈពេល៥ឆ្នាំ ដែលតួលេខនេះបានធ្លាក់ចុះមកនៅក្រោម៤០ភាគរយ។
-->
លោក Patcharaphot Nuntramas ប្រធានក្រុមសេដ្ឋវិទូនៅមជ្ឈមណ្ឌលស្រាវជ្រាវ Krungthai Compass ចំណុះក្រោមធនាគារ Krungthai បានអះអាងថា ការធ្លាក់ចុះនៃការផ្ទេរខុនដូទៅឱ្យអ្នកទិញជាជនជាតិចិន មាននិន្នាការស្របនឹងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរណ៍មកពីប្រទេសចិន។
ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរណ៍ចិនទៅកាន់ប្រទេសថៃកើតមានឡើង ស្របពេលមានការប្រកួតប្រជែងពីបណ្តាប្រទេសផ្សេងទៀត ជាពិសេសប្រទេសជប៉ុន ប្រទេសវៀតណាម និងប្រទេសកូរ៉េខាងត្បូង។
លោកបានបន្តថា “ការរញ្ជួយដីនាពេលថ្មីៗនេះនៅក្នុងប្រទេសថៃក៏នឹងអាចធ្វើឱ្យការផ្ទេរ និងការទិញខុនដូដោយជនជាតិចិនក្នុងឆ្នាំនេះធ្លាក់ចុះផងដែរ”។
ការរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ាក៏បានជះផលប៉ះពាល់រាលដាលដល់តំបន់មួយចំនួននៃប្រទេសចិនផងដែរ។ ស្ថាប័ន Krungthai Compass បានព្យាករណ៍ថា គ្រោះមហន្តរាយនឹងកាត់បន្ថយតម្រូវការ និងអំណាចនៃការទិញខុនដូរបស់ជនជាតិចិនក្នុងរយៈពេលខ្លី។
ស្ថាប័នស្រាវជ្រាវខាងលើបានបញ្ជាក់បន្ថែមថា ការផ្ទេរខុនដូសរុបទៅឱ្យជនបរទេសនៅក្នុងប្រទេសថៃកាលពីឆ្នាំមុន មានចំនួនសរុប៦៨.១៨៣យូនីត ថយចុះ៦,៨ភាគរយបើធៀបនឹងឆ្នាំ២០២៣ បន្ទាប់ពីសម្រេចបានកំណើនជាលំដាប់ចាប់តាំងពីឆ្នាំ២០២០៕ប្រភព: VNA៕
