ដោយៈ គង់ សូរិយា
កំពតៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ត្បិរាជរដ្ឋាភិបាកកម្ពុជា រាប់អានជិតស្និទ្ធជាមួយចិន តែគឺជាកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស ប៉ុន្តែជំហរគោលនយោបាយរបស់កម្ពុជា គឺមានទំនាក់ទំនងជាមួយគ្រប់បណ្តាប្រទេសទាំងអស់នៅលើពិភពលោក។
សម្តេចបញ្ជាក់ថា “ការប្រកាន់គោលនយោបាយនេះ ដោយផ្អែកទៅលើគោលការណ៍គោរពឯករាជ្យភាពជាតិ អធិបតេយ្យភាព និងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ហើយរាជរដ្ឋាភិបាលកម្ពុជាមិនមែនរណបជាមួយប្រទេសណាមួយជាដាច់ខាត”។
-->
ការបញ្ជាក់បែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែ ទេសចរណ៍អន្តរជាតិកំពត តម្លៃ១០លានដុល្លារ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈដំណើរបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង នៅកម្ពុជារយៈពេល២ថ្ងៃ ប្រជាពលរដ្ឋកម្ពុជាគួរតែមានមោទនភាព ពីព្រោះកម្ពុជា ជាប្រទេសតូច ប៉ុន្តែមានទំនាក់ទំនងស្មើមុខ ស្មើមាត់ជាមួយប្រទេសមហាអំណាច និងគ្រប់បណ្តាប្រទេសទាំងអស់នៅលើពិភពលោក។ ខណៈថ្មីៗនេះ កម្ពុជា ជាប្រទេសមួយក្នុងចំណោមចំនួន៣ នៅអាស៊ីអាគ្នេយ៍ ដែលប្រធានាធិបតីចិន បានមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ។

សម្តេចបបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដោយលើកជាសំណួរថា “សួរថា ទំនាក់ទំនងរវាងកម្ពុជា និងចិន ខុសអី? នៅពេលដែលកម្ពុជា មិនបានប្រកាន់ជំហរយក ប្រទេសណាមួយផ្តាច់ចោលប្រទេសណាមួយចោលនោះទេ គឺយើងមានទំនាក់ទំនងជាមួយគ្រប់បណ្តាប្រទេសលើពិភពលោក”។ សម្តេចបន្តថា “នេះជាជំហរនយោបាយរបស់យើង (កម្ពុជា) ផ្អែកទៅលើគោលការណ៍គោរពឯករាជ្យភាព អធិបតេយ្យភាព និងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ នេះជាអ្វីដែលកម្ពុជាធ្វើ ហើយខ្ញុំសូមបញ្ជាក់ យើងមិនមែនរណបអ្នកណាគេនោះទេ”។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ចំណុចនេះគឺជាការបញ្ជូនសារនយោបាយមួយ ទៅកាន់ជនរួមជាតិកម្ពុជាទាំងអស់ ឱ្យបានយល់ពីជំហរ នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះ តាមរយៈការលើកឡើងផ្ទុយស្រឡះ ខុសពីការពិតពីសំណាក់បុគ្គលមួយចំនួនតូច ជុំវិញដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន មកកាន់កម្ពុជា ពោលដំណើរទស្សនកិច្ចនេះគឺជាសារបញ្ជាក់យ៉ាងច្បាស់ នូវទំនាក់ទំនងរវាងកម្ពុជា និងចិន។ អ្នកវិភាគថា ចំណងទំនាក់ទំនងរវាងកម្ពុជា និងចិន មានឱនភាពនោះ ល្មមនឹងបញ្ចប់ហើយ។
ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានពន្យល់ថា ពីសីលធម៌អ្នកនយោបាយ មិនត្រូវយកគំនុំផ្ទាល់ខ្លួនវាយប្រហារទៅដល់គ្រួសារដៃគូបដិបក្ខនោះទេ ត្រូវទទួលស្គាល់ពីភាពខុសគ្នានៃទស្សនៈនយោបាយ មិនត្រូវមើលងាយការងាររបស់របស់ដៃគូរ និងមិនត្រូវកេងចំណេញ នយោបាយពេលគេមានទុក្ខ ឬប្រជាជនមានទុក្ខទេ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គ្មានអ្វីកើតឡើងដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ ផ្ទុយទៅវិញកម្ពុជា-ចិន បានឯកភាព ក្នុងទៅលើការគោរពអធិបតេយ្យភាព និងឯកភាពរបស់គ្នាទៅវិញទៅមក ហើយកម្ពុជាធានានូវភាពជាម្ចាស់ការ ក្នុងការកំណត់ទិសដៅទាំងក្នុងប្រទេស និងអន្តរជាតិដោយខ្លួនឯង។
រាជរដ្ឋាភិបាលកម្ពុជា- ចិន បានចេញសេចក្ដីថ្លែងការណ៍រួមមួយកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ថ្មៗនេះ ដោយបានសម្រេចនូវការឯកភាពគ្នាជាច្រើន ទាក់ទងនឹងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ការអនុវត្តគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល សន្ដិសុខសកល និងអរិយធម៌សកល។
ក្នុងនោះចំណុចទី៣ ក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនបានបញ្ជាក់យ៉ាងច្បាស់ថា ភាគីទាំងពីរបញ្ជាក់ជាថ្មីនូវការគាំទ្រផលប្រយោជន៍ស្នូល អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក ព្រមទាំងប្រឆាំងដាច់ខាត ចំពោះការជ្រៀតជ្រែករបស់បរទេសក្នុងកិច្ចការផ្ទៃក្នុងប្រទេសនីមួយៗ៕