តើគោលនយោបាយលក់ទិដ្ឋាការកាតមាសតម្លៃ៥លានដុល្លារក្នុងមួយសន្លឹករបស់លោក ដូណាល់ ត្រាំ មានដំណើរការដូចម្តេច?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក បានបង្ហាញ“កាតមាស”ដំបូងបង្អស់ សម្រាប់លក់ទៅឱ្យជនបរទេសដែលមានបំណងចូលមករស់នៅ និងធ្វើការនៅសហរដ្ឋអាមេរិក ក្នុងតម្លៃ៥លានដុល្លារក្នុងមួយសន្លឹក។

លោក ដូណាល់ ត្រាំ បានប្រកាសថា “អ្នកទិញកាតមាស(Gold Card)នឹងទទួលបានសិទ្ធិដូចគ្នានឹងអ្នកកាន់កាតបៃតង(Green Card) និងជួយឱ្យជនបរទេសក្លាយជាពលរដ្ឋអាមេរិក”។

ជាទូទៅ កាតបៃតងជាឯកសារមួយ ដែលជនបរទេសជាច្រើនប្រាថ្នាចង់បាន ដោយសារកាតនេះអាចធានានូវស្ថានភាពលំនៅដ្ឋានអចិន្ត្រៃយ៍របស់ជនបរទេសនៅក្នុងសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា ការទិញកាតបៃតងជាដំណើរការដ៏ស្មុគស្មាញ ដែលត្រូវការចំណាយពេលវេលារាប់ឆ្នាំ។

-->

ដោយឡែក ការទិញកាតមាស នឹងសម្រួលដំណើរការនៃការក្លាយជាពលរដ្ឋអាមេរិកឱ្យមានភាពសាមញ្ញ ហើយទំហំទឹកប្រាក់ ដែលប្រមូលបានពីការលក់កាតមាសរបស់លោក ដូណាល់ ត្រាំ នឹងយកទៅជួយកាត់បន្ថយបំណុលជាតិរបស់សហរដ្ឋអាមេរិក។

តើបុគ្គលប្រភេទណាមានសិទ្ធិទិញកាតមាសនេះ?។

ចំពោះសំណួរនេះ លោក ដូណាល់ ត្រាំ ធ្លាប់បានអះអាងថា “មនុស្សដែលមានលុយសុទ្ធតែអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទិញកាតមាស”។

ចំណែក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បានលើកឡើងថា អ្នកដាក់ពាក្យទិញកាតមាសនឹងត្រូវបានត្រួតពិនិត្យ ដើម្បីប្រាកដថា ពួកគេជាពលរដ្ឋលំដាប់ពិភពលោក។

គិតមកទល់ពេលនេះ សហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោក ត្រាំ បានលក់ដាច់កាតមាសជាង១.០០០សន្លឹក ខណៈមនុស្សចំនួនជាង៣៧លាននាក់នៅទូទាំងពិភពលោកអាចមានលទ្ធភាពទិញកាតមាស។

ហេតុអ្វីបានជាកាតមាសមានសារៈសំខាន់?។

លោក ដូណាល់ ត្រាំ បានប្រកាសបង្កើតកាតមាសនេះឡើងដើម្បីដាក់ជំនួសកម្មវិធីទិដ្ឋាការប្រភេទ EB-5 ដែលត្រូវបានដាក់ឱ្យដំណើរការចាប់តាំងពីឆ្នាំ១៩៩០ តាមរយៈការលក់កាតបៃតងទៅឱ្យបណ្តាអ្នកវិនិយោគបរទេសក្នុងតម្លៃ១លានដុល្លារក្នុងមួយសន្លឹក។

សភាអាមេរិកបានអនុម័តបង្កើតកម្មវិធីទិដ្ឋាការប្រភេទ EB-5 ក្នុងគោលបំណងដើម្បីជំរុញសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក តាមរយៈការបង្កើតការងារ និងការទាក់ទាញទុនវិនិយោគពីបរទេស។

ប៉ុន្តែ រដ្ឋបាលលោក ត្រាំ ជឿជាក់ថាគោលនយោបាយទិដ្ឋាការ EB-5 ត្រូវបានគេកេងប្រវ័ញ្ច។

លោក Lutnick បានថ្លែងថា “កម្មវិធី EB-5 ពោរពេញទៅដោយភាពមិនសមហេតុសមផល និងការក្លែងបន្លំ ហើយវាជាវិធីមួយដែលអនុញ្ញាតឱ្យជនបរទេសអាចទិញកាតបៃតងក្នុងតម្លៃថោក។ដូច្នេះ លោកប្រធានាធិបតី ត្រាំ នឹងបិទបញ្ចប់កម្មវិធី EB-5 នេះ”។

កាលពីឆ្នាំ២០២១ ការិយាល័យគណនេយ្យភាពរបស់រដ្ឋាភិបាលអាមេរិកបានអះអាងថា កម្មវិធីទិដ្ឋាការ EB-5 ប្រឈមមុខនឹងហានិភ័យខ្ពស់នៃការក្លែងបន្លំ ដោយសារផលលំបាកនៅក្នុងការតាមដានប្រភពនៃមូលនិធិរបស់អ្នកដាក់ពាក្យស្នើសុំទិដ្ឋាការ៕ប្រភព: Vnexpress៕