សម្តេចធិបតីណែនាំឲ្យក្រុមហ៊ុនសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពតគិតគូរពីការបង្កើតផលិតផលទេសចរណ៍ថ្មីៗ

0

ដោយៈ គង់ ម៉ាណា

    កំពតៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានណែនាំឲ្យក្រុមហ៊ុន សាងសង់កំពង់ផែទេសចរ៤ណ៍អន្តរជាតិខេត្តកំពត រៀបចំកម្មវិធីជាផលិតផលទេសចរណ៍ថ្មី ដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិ។

សម្តេចបានថ្លែងបែបនេះ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់កំពពង់ផែទេសចរណ៍អន្តរជាតិ នៅខេត្តកំពតនាព្រឹកថ្ងៃទី២១ មេសានេះ។

លើសពីនេះសម្តេចបានណែនាំ ក្រុមហ៊ុនត្រូវបន្តលើកកម្ពស់​ការផ្តល់សេវាកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព រហ័ស ងាយស្រួល និង ភាពជឿទុកចិត្ត ដោយរក្សាតម្លៃសមរម្យ និង ធានាឱ្យបាននូវអនាម័យ និងសោភ័ណភាពនៅទីតាំងកំពង់ផែ ជាពិសេសពង្រឹងសន្តិសុខ និង សុវត្ថិភាព សម្រាប់បុគ្គលិក អ្នកដំណើរ និងនាវា។

ជាមួយគ្នានេះ គណៈកម្មាធិការគ្រប់គ្រង កិច្ចព្រមព្រៀមស្ដីពីប្រតិបត្តិការ និង ការថែទាំនៃកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលមានសមាសភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពត ក៏ត្រូវតាមដាន ត្រួតពិនិត្យ និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានា របស់ក្រុមហ៊ុន និងធានាឱ្យបាននូវស្តង់ដារ និង គុណភាពសេវាកម្មរបស់កំពង់ផែ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំក្រុមហ៊ុនត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗ នៅទីតាំងកំពង់ផែ និង ពិនិត្យលទ្ធភាពបង្កើតសេវាកម្មថ្មីៗ ដូចជា៖ ការជិះកម្សាន្ត ការបរិភោគអាហារ ការរៀបចំពិធីកម្សាន្ត ឬទម្រង់ជាទេសចរណ៍ តាមនាវានៅតាមព្រែកកំពង់បាយ ឬ ព្រែកកំពង់សំរោង ជាពិសេសនៅពេលរាត្រីជាដើម និងការជំរុញផ្សព្វផ្សាយឱ្យកាន់តែ ទូលំទូលាយ សម្រាប់ការដឹកជញ្ជូនភ្ញៀវទេសចរ ទៅកាន់តំបន់កម្សាន្តផ្សេងៗ។

លើសពីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បី​រៀប​ចំ និងពន្លឿនការតភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរ ជាមួយ​បណ្តាប្រទេសជិតខាង ដែលកិច្ចការនេះគឺផ្ដោតសំខាន់ទៅ​លើតែ​សកម្មភាពពាណិជ្ជកម្ម និង ទេសចរណ៍ប៉ុណ្ណោះ ដោយមិនត្រូវពាក់ព័ន្ធនឹងការចរចាអំពីព្រំដែនទឹក ជាមួយបណ្តាប្រទេសជិតខាងនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here