ទីផ្សារអចលនទ្រព្យបដិសណ្ឋារកិច្ចនៅប្រទេសឥណ្ឌូនេសុីកំពុងជួបប្រទះការលំបាក ខណៈតម្រូវការស្នាក់នៅធ្លាក់ចុះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Jakarta Globe បានរាយការណ៍ថា ទីផ្សារអចលនទ្រព្យបដិសណ្ឋារកិច្ចនៅប្រទេសឥណ្ឌូនេសុីកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីការដាក់ចេញវិធានការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលឥណ្ឌូនេសុីក្រោមរដ្ឋបាលរបស់ប្រធានាធិបតីឥណ្ឌូនេសុីលោក Prabowo Subianto។

ឧស្សាហកម្មបដិសណ្ឋារកិច្ចបានពឹងផ្អែកយ៉ាងខ្លាំងទៅលើសកម្មភាព MICE (រួមមានការប្រជុំ ការលើកទឹកចិត្ត សន្និបាត និងការតាំងពិពណ៌) ដោយទទួលបានមូលនិធិពីរដ្ឋាភិបាល ដែលជាប្រភពប្រាក់ចំណូលដ៏សំខាន់សម្រាប់សណ្ឋាគារ។

ទោះបីជាយ៉ាងណា ថ្មីៗនេះ គម្រោងកាត់បន្ថយការចំណាយថវិកាជាតិរបស់ប្រធានាធិបតីឥណ្ឌូនេសុីលោក Prabowo Subianto ដែលមានគោលបំណងសន្សំប្រាក់ចំនួនជាង៣០០ទ្រីលានរូពៀ បានជំរុញឱ្យមន្ត្រី និងទីភ្នាក់ងាររដ្ឋនានាកាត់បន្ថយការធ្វើដំណើរ សិក្ខាសាលា និងការប្រជុំដែលមិនចាំបាច់។

ជាមួយគ្នានេះ ការធ្លាក់ចុះអំណាចនៃការទិញរបស់អ្នកប្រើប្រាស់បានបង្កឱ្យមានការរាំងស្ទុះដល់ការចំណាយលើការធ្វើដំណើរ និងការកម្សាន្ត។

អគ្គលេខាធិការសមាគមសណ្ឋាគារ និមងភោជនីយដ្ឋានឥណ្ឌូនេស៊ី (PHRI) លោក Maulana Yusran បានលើកឡើងថា សណ្ឋាគារជាច្រើនពឹងផ្អែកយ៉ាងខ្លាំងលើការកក់បន្ទប់សាលប្រជុំដោយស្ថាប័នរដ្ឋាភិបាល ដែលរួមចំណែកចន្លោះពី៤០ភាគរយទៅ៦០ភាគរយនៃប្រាក់ចំណូលសរុបសម្រាប់សណ្ឋាគារភាគច្រើន។

លោក Maulana បានបន្តថា យុទ្ធនាការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ឧស្សាហកម្មបដិសណ្ឋារកិច្ច ដោយសារក្រសួង ភ្នាក់ងាររដ្ឋ និងរដ្ឋបាលក្នុងតំបន់មូលដ្ឋានបានកាត់បន្ថយការរៀបចំព្រឹត្តិការណ៍សាធារណៈ។

អត្រាគ្របដណ្តប់ការស្នាក់នៅសណ្ឋាគារទូទាំងប្រទេសឥណ្ឌូនេសុីបានធ្លាក់ចុះមកនៅត្រឹមប្រហែល២០ភាគរយកាលពីខែមីនា ឆ្នាំ២០២៥។ តួលេខនេះបានដាំក្បាលចុះយ៉ាងគំហុក បើប្រៀបធៀបនឹងអត្រាគ្របដណ្តប់ការស្នាក់នៅសណ្ឋាគារទូទាំងប្រទេសឥណ្ឌូនេសុីចន្លោះពី៤០ភាគរយទៅ៦០ភាគរយភាគរយក្នុងខែមីនាដូចគ្នា កាលពីឆ្នាំ២០២៤៕ប្រភព: Jakarta Globe៕

LEAVE A REPLY

Please enter your comment!
Please enter your name here