ឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រាប់ពីប្រភេទអចលនទ្រព្យល្អដែលគួរទិញនាពេលនេះ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ជាអ្នកជំនាញ និងក្លាយជាអ្នកអភិវឌ្ឍន៍យ៉ាងលេចធ្លោមួយរូប លោកបណ្ឌិត គីម ហ៊ាង ស្ថាបនិកបុរីវិមានសំណាង បានលើកឡើងថា នៅឆ្នាំ២០២៥នេះ គឺជាឆ្នាំដែលល្អបំផុតសម្រាប់ការទិញផ្ទះ ខណៈផ្ទះដែលបានសង់រួចរាល់ជាច្រើន កំពុងនៅសល់នៅក្នុងទីផ្សារ។

លោកបានពន្យល់ថា នៅឆ្នាំ២០២១ ២០២២ និង២០២៣ ចំនួនផ្ទះ ដែលបានសាងសង់រួចរាល់នៅសល់ច្រើន ដែលធ្វើឱ្យម្ចាស់ផ្ទះមួយចំនួនចង់បញ្ចេញលក់ឱ្យអស់។ ទន្ទឹមគ្នានេះ ធនាគារមួយចំនួនក៏អាចនៅសល់លុយ ដែលទទួលបានពីការដាក់ប្រាក់បញ្ញើ កាលពីឆ្នាំ២០២៤ ដែលត្រូវបញ្ចេញឱ្យអ្នកស្វែងរកប្រាក់កម្ចី។ នេះគឺជាឱកាសសម្រាប់អ្នកដែលចង់ទិញផ្ទះ ហើយបង់រំលស់ជាមួយធនាគារ។

លោកបានពន្យល់បន្តថា វាជាឱកាសយ៉ាងម៉េច? គឺធនាគារមួយចំនួន នៅឆ្នាំ២០២៤បានទទួលប្រាក់បញ្ញើច្រើន ដែលត្រូវការបញ្ចេញ រកអ្នកមកខ្ចី។ អ្នកអភិវឌ្ឍន៍លំនៅដ្ឋានដែលសង់ផ្ទះ នៅសល់ផ្ទះ អីចឹងនៅឆ្នាំ២០២៥នេះ អ្នកដែលចង់ទិញ គួរទៅទិញផ្ទះ។

លោកបញ្ជាក់ថា “យុទ្ធសាស្រ្តដែលខ្ញុំប្រាប់ស្រួលទេ គឺនាំគ្នាទៅទិញលើសពីមួយផ្ទះ ដើម្បីអាចចរចាបញ្ចុះតម្លៃ”។

លោកឧកញ៉ាបណ្ឌិតគីម​ ហ៊ាបបានបន្ថែមថា បច្ចុប្បន្ននេះ ផ្ទះដែលមានតម្លៃ១០ម៉ឺនដុល្លារ ប្រសិនបើចរចាឱ្យបញ្ចុះមក៧ម៉ឺន ឬ៨ម៉ឺន គេនឹងអាចលក់ ព្រោះផ្ទះដែលសង់ហើយ គេមិនចង់ទុកនាំឱ្យខូចនោះទេ ដូច្នេះហើយម្ចាស់នឹងសប្បាយចិត្តលក់ ក្នុងតម្លៃដែលបានបញ្ចុះសមរម្យមួយ។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ រដ្ឋាភិបាលក៏ផ្តល់ភាពអនុគ្រោះលើការមិនបង់ពន្ធប្រថាប់ត្រា ចំពោះអ្នកទិញផ្ទះលើកដំបូង ដែលមានតម្លៃក្រោម២០ម៉ឺនដុល្លារ។ ដូច្នេះហើយ បើមិនទិញក្នុងឆ្នាំ២០២៥ទេ គឺគ្មានឆ្នាំណាដែលល្អជាងនេះនោះទេ។ ប្រសិនបើរងចាំ២ទៅ៣ឆ្នាំទៀតបាន អាចនឹងមិនបានតម្លៃល្អ ឬលក្ខខណ្ឌល្អនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here