ដោយៈ គង់ សូរិយា
ពោធិ៍សាត់ៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃលកម្ពុជាបានបង្ហាញពីការរួមគ្នាចាប់កាលានុវត្តភាព ចាប់ជាឱកាស និងផលប្រយោជន៍ សម្រាប់ជាតិ និងប្រជាជនកម្ពុជា។
សម្តេចបានបន្តថា ជាក់ស្តែងខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង កាលដើមជាខេត្តទៅហួសមកហួស សកម្មភាពសេដ្ឋកិច្ចក៏មិនសូវមាន តែបច្ចុប្បន្ន បានក្លាយជាគោលដៅនៃការវិនិយោគ និងផ្តល់ការងារជូនប្រជាជន និងជំរុញសេដ្ឋកិច្ចជាតិ។
-->
សម្តេចបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក នៅស្រុកក្រគរ ខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី២២ មេសានេះ។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា ត្រឹមរយៈពេល៣ឆ្នាំចុងក្រោយ បុគ្គលិកក្នុងក្រុមហ៊ុន Ford មានត្រឹមជិត ២០០នាក់ កើនដល់ជាង ៤០០នាក់ ហើយប្រាក់បៀវត្សក៏មានការកើនឡើងផងដែរ។ ឆ្នាំ២០២២ មានរោងចក្រជាង៣០០ បង្កើតការងារបានជិត១ម៉ឺននាក់ តែបច្ចុប្បន្នមានរោងចក្រជាង៤០០ បង្កើតការងារបានជាង១,៥ម៉ឺននាក់។

ជាមួយគ្នានេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងផងដែរថា កម្ពុជាពីមុនជាប្រទេសដែលនាំចូលស្ទើរទាំងស្រុង តែបច្ចុប្បន្នបានប្រែក្លាយជាប្រទេស ដែលអាចផលិតក្នុងស្រុក ហើយនាំចេញទៅក្រៅប្រទេស។ ថ្ងៃនេះ យើងក្លាយជាអ្នកផលិតរថយន្ត និងនាំចេញទៅក្រៅមកពីគ្រប់ម្ចាស់ផលិតកម្មនៃបណ្តាប្រទេស និងក្រុមហ៊ុនល្បឺៗដូចជាសហរដ្ឋអាមេរិក ចិន ជប៉ុន និង កូរ៉េ ជាដើម។
ជាមួយនឹងសមិទ្ធផលនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ការលើកទឹកចិត្ត និងបង្កលក្ខណៈសម្រាប់ក្រុមហ៊ុន អាចចូលមកវិនិយោគ ដោយត្រូវថែរក្សាទាំងអ្នកចាស់ និងអ្នកថ្មី ហើយជំរុញ និងខិតខំឱ្យវិនិយោគិនដែលកំពុងមានវត្តមាននៅកម្ពុជា កាន់តែរីកចម្រើន។
សម្តចបានបញ្ជាក់ថា “ភាពជោគជ័យ និងការរីកចម្រើននេះ គឺកើតចេញពីភាពនឹងនរ សន្តិភាព និងស្ថេររភាពនយោបាយ ដែលជាទំនុកចិត្តដ៏សំខាន់របស់វិនិយោគិន ការជឿទុកចិត្ត និងការមិនមានហានិភ័យ ជំរុញឱ្យមានការវិនិយោគបន្ថែម តួយ៉ាងក្រុមហ៊ុន អ អិម អេ (ខេមបូឌា) នេះ បានអភិវឌ្ឍន៍ខ្លួនក្នុងការពង្រីកសក្តានុពល និងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនកាន់តែធំ”។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីអត្ថប្រយោជន៍ ដែលទទួលបានអំពីការវិនិយោគរបស់ក្រុមក្នុងស្រុកដែលជួយ៖ ១/ បង្កើតការងារ ដើម្បីលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចប្រជាពលរដ្ឋ និង២/ ការបង្កលក្ខណៈ បន្ធូរបន្ថយពន្ធ។ ការផលិតក្នុងស្រុក ជួយឱ្យប្រជាពលរដ្ឋមានលទ្ធភាពទិញរថយន្តដែលផលិតក្នុងប្រទេសកម្ពុជា ជាមួយគុណភាពខ្ពស់ និងតម្លៃសមរម្យ។
ទន្ទឹមនឹងភាពវិជ្ជមាននេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីភារកិច្ច របស់ក្រុមការងារចុះមូលដ្ឋានថ្នាក់ជាតិ ខេត្ត ត្រូវបង្កលក្ខណៈ បង្កើនការប្រកួតប្រជែងវិជ្ជមាន ដើម្បីធានាដល់ការសម្របសម្រួល និងដោះស្រាយបញ្ហាផ្សេងៗជូនវិនិយោគិន ក៏ដូចជាការសម្រេចចិត្ត ហើយបន្តនៅជាមួយយើងបានយូរអង្វែង ពិសេសអាចទុកចិត្តយើង និងពង្រីកសេវាកម្មនៅយើង។ ដូចនេះ យើងត្រូវបន្តទៀត។ ភ្ជាប់ជាមួយនេះ រាជរដ្ឋាភិបាលកំពុងដាក់គោលនយោបាយ និងលើកទឹកចិត្តក្រុមហ៊ុន ឱ្យខិតខំជំរុញការផលិតគ្រឿងបង្គំក្នុងស្រុក ដែលកម្ពុជាអាចមានលទ្ធភាព និងសមត្ថភាពផលិតក្នុងស្រុកបាន ជាមួយគុណភាពល្អ និងភាពទុកចិត្តបាន សំដៅកាត់បន្ថយការនាំចូលពីខាងក្រៅ ដែលនឹងបង្កើតបាន “ភាពធន់ និងធនធានមនុស្សរយៈពេលវែង”៕
