ដោយៈ ម៉ាណា
ភ្នំពេញៈ លោកស្រី Catherine West រដ្ឋមន្ត្រីចក្រភពអង់គ្លេសសម្រាប់កិច្ចការតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច ភាពធន់នឹងអាកាសធាតុ និងកិច្ចសហប្រតិបត្តិការសន្តិសុខ។
លោកស្រីបំពេញទស្សនកិច្ច ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី២២ ខែមេសានេះ ដែលអាកាសយានដ្ឋាននេះត្រូវបានគូរប្លង់ ដោយក្រុមហ៊ុនចក្រភពអង់គ្លេស Foster + Partners។ នេះតាមស្ថានទូតអង់គ្លេសប្រចាំកម្ពុជា។
-->
ស្ថានទូតចក្រភពអង់គ្លេសបញ្ជាក់ថា លោកស្រី Catherine West នឹងជួបជាមួយលោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោកស្រី Catherine West ថ្លែងថា “ទស្សនកិច្ចរបស់ខ្ញុំទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោនៅថ្ងៃនេះ គឺជាសក្ខីភាពនៃភាពជាដៃគូទំនើប រវាងចក្រភពអង់គ្លេស និងកម្ពុជា”។ លោកស្រីបន្តថា “ហេដ្ឋារចនាសម្ព័ន្ធបែបនវានុវត្តនិងបៃតងបែបនេះ សក្តិសមទៅនឹងអនាគតរបស់កម្ពុជា ហើយអាកាសយានដ្ឋាននេះ ត្រូវបានគូរប្លង់ដោយក្រុមហ៊ុនចក្រភពអង់គ្លេស។ នេះជាសមិទ្ធផលមួយដែលយើងមិនអាចគិតថាកើតមានកាលពី៣០ឆ្នាំមុន”។

លោកស្រីបន្តថា ទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងកម្ពុជា មានលើសពីអគារមួយនេះ គឺមានទៅលើភាពជាដៃគូជាច្រើនទៀត ទាំងការពង្រីកពាណិជ្ជកម្មដែលបង្កើតការងារ ការពារអាកាសធាតុ និងធម្មជាតិ និងការពង្រីកការទទួលបានការអប់រំ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីនឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្ដីពី ការអភិវឌ្ឍហេរដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ រួមទាំងការគាំទ្រដល់ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង និងគំនិតផ្ដួចផ្ដើមមួយចំនួនទៀត។
លោកស្រីក៏នឹងជួបពិភាក្សា ជាមួយសភាពាណិជ្ជកម្មចក្រភពអង់គ្លេស និងសាកលវិទ្យាល័យចក្រភពអង់គ្លេសDe Montfort ផងដែរ៕
