បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យថៃកំពុងប្រជែងគ្នាដើម្បីសាងសង់ផ្ទះតម្លៃខ្ពស់កប់ពពក

0

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​របស់​ប្រទេស​ថៃ​កំពុង​ប្រជែង​គ្នា​ក្នុង​ការសាងសង់​ផ្ទះ​ថ្មីៗតម្លៃខ្ពស់កប់ពពក ដោយ​ងាកទៅចាប់យក​ជនបរទេសលំដាប់អ្នកមានជាអតិថិជនគោលដៅ ខណៈទីផ្សារអចលនទ្រព្យជារួមកំពុងធ្លាក់ចុះ។

ជាក់ស្តែង ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យថៃ Raimon Land កំពុងសាងសង់គម្រោងលំនៅដ្ឋានប្រណីត ដែលមានឈ្មោះថា The 528 Estate នៅជិតស្ថានីយ៍ Phom Phong របស់ប្រព័ន្ធរថភ្លើងលើអាកាស “BTS SkyTrain” ក្នុងទីក្រុងបាងកក ។

គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៧ខាងមុខ។ ផ្ទះនីមួយៗនឹងមានផ្ទៃដីទំហំ៧៨០ម៉ែត្រការ៉េ ឬធំជាងនេះ ហើយនឹងមានតម្លៃចាប់ពី៨៨០លានបាត (ប្រហែល២៦លានដុល្លារអាមេរិក)ក្នុងមួយយូនីត។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនអចលនទ្រព្យយក្ស Sansiri គ្រោងនឹងដាក់លក់គម្រោងលំនៅដ្ឋាន ដែលមានតម្លៃសរុបចំនួន១៩ពាន់លានបាតនៅដំណាច់ឆ្នាំ២០២៥ កើនឡើងជាង២ដងបើធៀបនឹងតួលេខកាលពីចុងឆ្នាំ២០២៤។

លើសពីនេះ បណ្តាក្រុមហ៊ុនអចលនទ្រព្យជប៉ុនក៏កំពុងឈានជើងចូលទីផ្សារថៃផងដែរ។ តួយ៉ាង ក្រុមហ៊ុនជប៉ុន Mitsui Fudosan បានចាប់ដៃគូជាមួយក្រុមហ៊ុន Sansiri នៅចុងឆ្នាំមុន ដើម្បីអភិវឌ្ឍន៍លំនៅដ្ឋាន។

ជាមួយគ្នានេះ ក្រុមហ៊ុន Mitsubishi Estate បានសហការជាមួយក្រុមហ៊ុន AP Thailand ដើម្បីសាងសង់ខុនដូលំដាប់ខ្ពស់ ខណៈក្រុមហ៊ុន Nomura Real Estate Development បានសហការជាមួយនឹងក្រុមហ៊ុន Origin Property ។

គម្រោងអចលនទ្រព្យទាំងនេះ ភាគច្រើនផ្តោតលើអតិថិជនជាជនបរទេសដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ ជនបរទេសបានទិញខុនដូចំនួន១៤.៧៥៣យូនីតនៅក្នុងប្រទេសថៃក្នុងឆ្នាំ២០២៤។តួលេខស្ថិតនៅទ្រឹងបើធៀបនឹងឆ្នាំ២០២៣។ ប៉ុន្តែ តួលេខនេះមានការហក់ឡើង២៦ភាគរយបើធៀបនឹងឆ្នាំ២០២២៕ប្រភព: Nikkei Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here