ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស
ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា លំហូរទុនវិនិយោគផ្ទាល់ពីបរទេស(FDI) ក្នុងទីផ្សារអចលនទ្រព្យនៅតែបន្តស្ងប់ស្ងាត់ ខណៈអ្នកអភិវឌ្ឍន៍ក្នុងស្រុកបាន និងកំពុងបន្តអភិវឌ្ឍន៍បុរីរបស់ពួកគេ។
-->
អគ្គនាយិកកាក្រុមហ៊ុនPropNex Cambodia លោកស្រីអាន សុធីតាបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី២៣ មេសាកន្លងមកថា រហូតមកទល់ពេលនេះ លំហូរFDIមិនទាន់មានសញ្ញាល្អទេ តែអ្នកក្នុងស្រុកនៅតែបន្តអភិវឌ្ឍន៍បុរី លំនៅដ្ឋានរបស់ពួកគេ។
លោកស្រីបន្តថា “ទោះបីជនបរទេសមិនទាន់ចូលមកក្តី ប៉ុន្តែទីផ្សារនៅតែដំណើរការខ្លះៗ ពិសេសអ្នកមានលុយ នៅតែរង់ចាំទិញអចលលទ្រព្យ ដែលមានតម្លៃល្អក្រោមទីផ្សារ”។ លោកស្រីបន្តថា “បញ្ហានយោបាយ និងសេដ្ឋកិច្ចពិភពលោក ក៏ធ្វើឲ្យអ្នកវិនិយោគធំៗបាននិងកំពុងពិចារណាផងដែរ”។

ជាមួយគ្នានេះ លោកឧកញ៉ានួន រិទ្ឋី អគ្គនាយកក្រុមហ៊ុនKFA Foundation Appraisal បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា អ្វី ដែលលោកចាប់អារម្មណ៍ខ្លាំង គឺគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលគាំទ្រដល់វិនិយោគិនក្នុងស្រុកផង និងបរទេសផង ពិសេសជាគោលនយោបាយអន្តរជាតិ ទើបបានជម្រុញឲ្យទីផ្សារនៅតែឆ្ពោះទៅមុខ។
លោកបន្តថា “ទោះបីទីផ្សារអចលនទ្រព្យ មិនដើរលឿនដូចមុនវិបត្តិក្តី តែមានសញ្ញាវិជ្ជមានចាប់តាំងពីដើមឆ្នាំនេះ ពិសេសចាប់ពីដើមខែមេសានេះ”។ លោកបន្តថា “ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ស៊ី ជីនពីងបានផ្តល់អត្ថប្រយោជន៍ខ្លាំងដល់កម្ពុជា ពិសេសលើកកំពស់គុណតម្លៃរបស់កម្ពុជាលើឆាកអន្តរជាតិផងដែរ”។
លោកឧកញ៉ានួន រិទ្ឋីបានបន្តថា ទោះបីជាមនុស្សមួយចំនួនគិតអវិជ្ជមានក្តី ប៉ុន្តែលោកនៅតែបន្តអភិវឌ្ឍន៍បុរី នៅស្រុកកៀនស្វាយ និងកំពុងពុះដីឡូត៍នៅតំបន់ជាយក្រុង ដែលសកម្មភាពទីផ្សារកំពុងកើនឡើងសន្សឹមៗផងដែរ៕
